(កំពត)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ តាកែវ កំពត កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកែប រៀបចំក្រុងពាលី និងបើកពិធីបោះជំរុំសន្តិភាព ឋានសួគ៌បូកគោ ព្រមទាំងប្រគេនទ័យទានដល់ព្រះសង្ឃ នៅវត្តសំពៅ៥។
ជំរុំសន្តិភាពឋានសួគ៌បូកគោ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជារុងរឿង» ដែលមានរយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០៩ ខែមីនានេះ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។
លោក ស សុខា បានថ្លែងឲ្យដឹងថា ការបោះជំរុំនេះ ក្នុងគោលបំណងប្រមូលផ្តុំយុវជនតាមខាងលើ ដើម្បីឲ្យរៀនរស់ជាមួយគ្នា ស្វែងយល់ពីគ្នាទៅវិញទៅមក មើលពីទម្លាប់នៃការរស់នៅជាមួយគ្នា ដើម្បីឈានទៅរកការដកបទពិសោធន៍ និងសាមគ្គីភាព ក្នុងនាមជាប្រជាជនខ្មែរ ហើយក៏ជំរុញឲ្យរួមគ្នា ដើម្បីរក្សានូវសន្តិភាព ព្រោះមានតែសន្តិភាពទេ ដែលអាចធ្វើអ្វីៗបាន ឈានទៅរកការអភិវឌ្ឍ។
លោកបន្តថា ការបោះជំរុំនេះ ក៏នឹងមានការដើររយៈចង្ងាយ២៤គីឡូម៉ែត្រ កាត់ព្រៃ កាត់ជ្រលងដងអូរ នៅភ្នំបូកគោ ដើម្បីហាត់ពត់ លត់ដំ ឆ្លងកាត់នូវការលំបាក ឧបសគ្គ ឲ្យសម្របខ្លួនទៅនឹងថតភាពសង្គម និងស្វែងយល់អំពីបរិស្ថានធម្មជាតិ។ ក្នុងនោះ ក៏ដើម្បីឲ្យយុវជនដកបទពិសោធន៍ ពីយុវជនជំនាន់មុន ដែលពួកគាត់បានដើរដោយថ្មើរជើង នៅក្នុងការស្វះស្វែងរកកម្លាំងប្រមូលផ្តុំគ្នា ដើម្បីរំលំរបបប្រល័យពូជសាសន៍ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ថាតើពេលនោះលំបាកយ៉ាងណា ខណៈដែលមានមីន មានខ្មាំង មានសត្វសាហាវជាច្រើន។
លោក ស សុខា បញ្ជាក់ថា៖ «អញ្ចឹងយើងសាកល្បងដើរព្រៃក្នុងបរិបទសន្តិភាពហ្នឹង ថាតើវាលំបាកយ៉ាងណា ទោះបីជាពេលនេះ យើងមិនមានខ្មាំង មិនមានគ្រាប់មីនហូរហែរក៏ដោយ ប៉ុន្តែតើវាលំបាកប៉ុណ្ណា ដែលយើងនាំគ្នាដើរកាត់ព្រៃ កាត់ផ្សៃ នៅក្នុងបរិបទសន្តិភាពនេះ ដើម្បីប្រៀបធៀបគ្នា (នឹងសម័យមុន)»៕