(ភ្នំពេញ)៖ លោក រីខាដូ អេ ដាវីដ ជេអា (Ricardo A David JR) អនុរដ្ឋមន្ត្រីក្រសួងការពាជាតិហ្វីលីពីន នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ហ្វីលីពីនអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។ នេះបេីតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ។
ទស្សនកិច្ចមិត្តភាពនេះ តបតាមការអញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូយោធាជាន់ខ្ពស់ហ្វីលីពីន នឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគី ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការយោធារួមគ្នា (JDCC) កម្ពុជា-ហ្វីលីពីន ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងលោក រីខាដូ អេ ដាវីដ ជេអា (Ricardo A David JR) អនុរដ្ឋមន្ត្រីក្រសួងការពាជាតិ នាទីស្តីការក្រសួងការពារជាតិ។
បន្ទាប់មកលោក រីខាដូ អេ ដាវីដ ថ្ងៃអា (Ricardo A David JR) ព្រមទាំងប្រតិភូយោធាជាន់ខ្ពស់ ហ្វីលីពីន នឹងចូលជួបសម្តែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ៕