(ភ្នំពេញ)៖ លោក ហ៊ូ វាសនា ទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសស្ថិតនៅក្នុងស្ថេរភាពនយោបាយល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទើបធ្វើឱ្យយុវជនមានឱកាសបានបង្ហាញ នូវសមត្ថភាពរបស់ខ្លួនចេញមកបាន តាមរយៈការបង្កើតអ្វីដែលថ្មីៗ មិនចាញ់បរទេសឡើយ។
លោក ហ៊ូ វាសនា បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីកង់បីទំនើប Smartgo+ ដែលពិធីនេះដែរក៏មានការចូលរួមពី លោក ជុំ មករា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ស្មាតហ្កោ រួមទាំងបងប្អូនអ្នកបើក តុក តុក ប្រមាណ៥០០នាក់ផងដែរ។
លោក ហ៊ូ វាសនា បានថ្លែងថា ដោយសារប្រទេសមានស្ថេរភាពនយោបាយល្អ ទើបធ្វើឱ្យយុវជនមានឱកាសបញ្ចេញសមត្ថភាពថ្មីៗរបស់ខ្លួនបានដូចនេះ ជាក់ស្តែងក្រុមយុវជន ដែលបានបង្កើតនូវកម្មវិធីកង់បីទំនើប Smartgo+ នេះ គឺពិតជាអាចជួយដល់បងប្អូន អ្នករត់ តុក តុក នេះ បានយ៉ាងច្រើនក្នុងការទទួលបានអតិថិជនបានយ៉ាងងាយស្រួលផងដែរ។
លោកបានបន្ថែមថា លោកពិតជាមានការកោតសរសើរយ៉ាងខ្លាំង ចំពោះប្អូនៗ ដែលជាអ្នកមានចំនេះដឹងផ្នែកពត៌មានវិទ្យា ដែលបានបង្កើតកម្មវិធី App Tok tok នេះឡើង ដោយវាគឺពិតជាមិនចាញ់បរទេសនោះឡើយ ជាពិសេសទៅទៀតនោះ គឺជាគំនិតបង្កើតថ្មី ដែលចែកផលចំណេញឱ្យគ្រប់ៗគ្នា ទាំងអ្នកបើក អ្នកជិះ ដែលនេះសូម្បីតែបរទេសក៏មិនទាន់ធ្វើបានដូចនេះដែរ។
លោកក៏បានស្នើឱ្យអ្នកប្រកបរបរត់ តុក តុក ទាំងអស់សូមឱ្យខិតខំប្រឹងប្រែងបន្តទៀត ថែរក្សានូវការងាររបស់ខ្លួនខិតខំប្រឹងប្រែង រកមុខរបរចិញ្ចឹមជីវិតឱ្យបានប្រសើរឡើងទាំងអស់គ្នា ហើយជាពិសេសទៀតនោះ លោកក៏បានសំណូមពរឲ្យអ្នកប្រកបរបររត់ តុក តុក នៅតាមដងផ្លូវទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាបើកបរដោយមានការប្រុងប្រយ័ត្ន និងបើកបរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាសុវត្ថិភាព ដល់អ្នករួមដំណើរ និងអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។
លោក ជុំ មករា បានឱ្យដឹងដែរថា ដោយសារមើលឃើញពីកំណើនសេវាដឹកជញ្ជូនសាធារណៈ ដោយការប្រើប្រាស់ App បានផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ និងនាក់ជិះ លោកក៏បានរួមកម្លាំងគ្នា បង្កើតវិធីកង់បីទំនើប Smartgo+ នេះឡើង ដោយមិនផ្ដោតលើប្រាក់ចំណេញនោះទេ ហើយកម្មវិធីនេះ មានគោលបំណងកាត់បន្ថយចំណាយ តែបង្កើនចំណូលសម្រាប់អ្នកបើក និងអ្នកអ្នកជិះថែមមួយកម្រិតទៀត។ កម្មវិធីកង់បីទំនើប Smartgo+នេះ គឺជាស្នាដៃមួយដ៏វិសេសវិសាល ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ហើយនេះក៏ចង់បញ្ជាក់ថា កូនខ្មែរយើងក៏អាចបង្កើតវាឡើងមិនចាញ់បរទេសនោះឡើយ៕