(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក ទៀ សីហា ប្រធានស.ស.យ.ក ខេត្ត និងជាអភិបាលខេត្តសៀមរាប និងលោកស្រី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ រៀបចំអាហារ និងចែកអំណោយជូនដល់កុមារគថ្លង់ និងកុមារពិការភ្នែក ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក នៅវិទ្យាល័យអប់រំពិសេស ខេត្តសៀមរាប ក្នុងឱកាសទិវានារីអន្ដរជាតិ ៨មីនា។
ថ្លែងក្នុងឱកាសនោះ លោក ទៀ សីហា បានបញ្ជាក់ថា នេះជាឆ្នាំលើកទី៧ហើយ ដែលលោកផ្ទាល់ និងក្រុមការងារ បានចុះមកជួបសំណេះសំណាល សួរសុខទុក្ខ រៀបចំអាហារ និងចែកអំណោយជូនដល់កុមារគរថ្លង់ និងកុមារពិការភ្នែក ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកនៅសាលានេះ។
លោកបន្ថែមថា សម្រាប់ការរីកចម្រើន និងការឧបត្ថម្ភគាំទ្រ ដូចជាការកសាងអគារ និងការឧត្ថម្ភផ្សេងៗមួយចំនួន គឺមានការការជួយជ្រោមជ្រែង ពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងភរិយាផងដែរ។
របាយការណ៍របស់លោកស្រីនាយិការ បានឲ្យដឹងថា សាលាកុមារគរថ្លង់ និងពិការភ្នែក ខេត្តសៀមរាប បានប្រែក្លាយទៅជា វិទ្យាល័យអប់រំពិសេសសៀមរាប កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។ បច្ចុប្បន្នមានអគារសរុបចំនួន១៣ខ្នង ដែលមានសាលពិពរណ៌ផ្ទះ សម្រាប់សិស្សថ្នាក់នៅបណ្ដាល័យ និងម៉ាស្សា
ឆ្នាំសិក្សា២០១៨-២០១៩ គឺមានសិស្សសរុបចំនួន១៥៥នាក់ (ស្រី៦២នាក់) ក្នុងនោះសិស្សគថ្លង់១៣៥នាក់ (ស្រី៥៥នាក់) និងសិស្សពិការភ្នែក២០នាក់ (ស្រី៧នាក់) ក្នុងនោះ សិស្សដែលស្នាក់នៅក្នុងសាលា មានចំនួន១០១នាក់ (ស្រី២៨នាក់) ដែលត្រូវទទួលអាហារ៣ពេល ក្នុងមួយថ្ងៃ និងសម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារអនាម័យទៀតផង។
លោកស្រីបានបន្ថែមថា សាលារៀនចាប់ទទួលសិស្សឲ្យចូលរៀនពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ និងបន្តដល់មហាវិទ្យាល័យ ហើយសាលាមានបុគ្គលិកសរុប ចំនួន៤០នាក់ (ស្រ្ដី១៨នាក់)។ ជាលទ្ធផល ចាប់ពីការចាប់ផ្ដើមពីឆ្នាំ២០០០មក គឺមានសិស្សគថ្លង់ និងសិស្សពិការភ្នែក មានការងារធ្វើអាចរកប្រាក់កម្រៃ សម្រាប់ដោះស្រាយជីវភាពរបស់ពួកគាត់ និងក្រុមគ្រួសារ មានចំនួន១៤២នាក់៕