(ព្រះសីហនុ)៖ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ចិន ដឹកនាំដោយលោក ស៊ុន ជៀនជុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ ដើម្បីសិក្សាអំពីគោលនយោបាយវិនិយោគរបស់ប្រទេសកម្ពុជា និងសក្តានុពលការវិនិយោគ ជាពិសេសសុំការគាំទ្រ ការលើកទឹកចិត្តសម្រាប់គោលបំណងបណ្តាក់ទុននៅលើវិស័យមួយចំនួន រួមមាន ឧស្សាហកម្ម ថាមពល ទេសចរណ៍ និងសេវាកម្មផងដែរ។
ក្នុងជំនួបនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ស៊ុន ជៀនជុន បានបង្ហាញថា ក្រុមគណៈប្រតិភូក្រុមហ៊ុនទាំងអស់នេះ សុទ្ធតែជាក្រុមហ៊ុនដែលមានបទពិសោធន៍ នៅប្រទេសចិន រួមមាន កែច្នៃសំណល់សំរាមឲ្យក្លាយទៅជាថាមពលអគ្គិសនី, ក្រុមហ៊ុនផលិតសម្ភារបរិក្ខាអគ្គិសនី ប្រើថាមពលព្រះអាទិត្យ, ក្រុមហ៊ុនផលិតខ្សែកាប្លិ៍, ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនផលិតទូកទេសចរណ៍។
លោកប្រធានប្រតិភូ បានយល់ឃើញថា ខេត្តព្រះសីហនុ ពិតជាមានសក្ដានុពលល្អ ហើយពួកគេបានប្រមើលឃើញថា នៅថ្ងៃខាងមុខមិនយូរទេខេត្តព្រះសីហនុ នឹងក្លាយទៅជាក្រុងដ៏ទំនើបមួយ។ បន្ទាប់ពីជំនួបជាមួយអភិបាលខេត្តព្រះសីហនុ ក្រុមគណៈប្រតិភូគ្រោងធ្វើទស្សនកិច្ចនៅតាមតំបន់សេដ្ឋកិច្ចពិសេស តាមតំបន់ឆ្នេរសមុទ្រ និងទីកន្លែងដែលកំពុងមានការសាងសង់សំណង់ធំៗ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីសក្ដានុពល និងវិស័យដែលកំពុងតែពេញនិយម។
ថ្លែងក្នុងឱកាសនោះ លោក យន្ត មីន បានសម្ដែងការស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគទាំងអស់ ដែលមានបំណងចង់មកបណ្ដាក់ទុននៅខេត្តព្រះសីហនុ និងបានបង្ហាញជំហរថា រដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ និងធានាការការពារដល់អ្នកវិនិយោគទាំងនោះដោយច្បាប់។ លោកបានប្រាប់ភាគីចិនថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្កានុពលមានអំណោយផលពីធម្មជាតិ មានឆ្នេរសមុទ្រស្អាត មានកោះចំនួន៣២ មានទឹកធ្លាក់ ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសដែលព្រលានយន្តហោះអន្តរជាតិ កំពុងតែពង្រីកឲ្យកាន់តែធំ និងមានផ្លូវសមុទ្រមានកំពង់ផែទឹកជ្រៅ ដែលអាចធ្វើឲ្យនាវាធំៗឆ្លងកាត់ និងដឹកទំនិញចេញទៅក្រៅប្រទេសបានយ៉ាងទូលំទូលាយ។
លោកអភិបាលខេត្ត បានបន្ថែមថា សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ពឹងទៅលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម និងកសិកម្មខ្លះដែរ តែរយៈកាលចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែមុខមាត់យ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុ គឺជាខេត្តឧស្សាហកម្មគំរូបំណងតែមួយគត់របស់កម្ពុជា ព្រោះចក្ខុវិស័យនេះបានជំរុញអ្នកវិនិយោគមកពីតំបន់នានាពិសេសមកពីប្រទេសចិន បានមកបណ្ដាក់ទុនរកស៊ីច្រើនជាងគេ ហើយបានផ្ដល់ការងារដល់ប្រជាពលរដ្ឋ និងធ្វើឲ្យកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ មានការកើនឡើង។
លោក យន្ដ មីន បានបញ្ជាក់ថា ការរីកចម្រើនដ៏គួរជាទីមោទនៈនេះ ជាលទ្ធផលមួយដែលមិនអាចប្រកែកបាន ក្រោមគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាព សន្តិសុខល្អ និងមានឱកាសអភិវឌ្ឍន៍ប្រទេស។
តាមរយៈជំនួបនេះ ប្រតិភូសហគ្រាសទាំងនេះស្នើសុំខេត្តព្រះសីហនុ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ការគាំទ្រចំពោះក្រុមហ៊ុនរបស់ពួកគេ ដែលកំពុងតែមកស្វែងយល់ អំពីសក្តានុពលនៅខេត្តព្រះសីហនុ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ នៅថ្ងៃខាងមុខ៕