(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកិច្ចប្រជុំចង្អៀត (Retreat) ស្តីពី «ការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣» នៅស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជារាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងភាគី ADB ដឹកនាំដោយលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា ដោយមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញការខាងផ្នែក គោលនយោបាយរបស់ ADB តាមប្រព័ន្ធ Video Conference ផងដែរ។
គោលបំណង នៃការរៀបចំកិច្ចប្រជុំចង្អៀតនេះ គឺដើម្បីធ្វើការពិភាក្សាលើយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល០៥ឆ្នាំបន្តទៀត (២០១៩-២០២៣) ដោយផ្អែកលើមូលដ្ឋាន៖ ទី១៖យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា, ទី២៖បច្ចុប្បន្នភាព និងការវាយតម្លៃលើស្ថានភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈមតាមវិស័យ និងទី៣៖ក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍរបស់ ADB ២០៣០។
កិច្ចប្រជុំបានប្រព្រឹត្តិទៅពេញមួយថ្ងៃ ដោយបានធ្វើពិភាក្សាស៊ីជម្រៅ ដោយត្រង់ទៅត្រង់មក ក្នុងភាពដៃគូដ៏ស្មោះត្រង់ លើវិស័យដឹកជញ្ជូន, ការអប់រំ និងបណ្តុះបណ្តាលជំនាញ, ការធ្វើផែនការ និងគ្រប់គ្រងនគរូបនីយកម្ម, គ្រប់គ្រងធនធានធម្មជាតិ និងកសិកម្ម និងគ្រប់គ្រងវិស័យសាធារណៈ ព្រមទាំងវិស័យហិរញ្ញវត្ថុ។
លោក វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺពិតជាវេទិកានៃការពិភាក្សាដ៏មានសារៈសំខាន់ នៅក្នុងយន្តការនៃភាពជាដៃគូរវាងកម្ពុជា និង ADB ដែលជាដៃគូអភិវឌ្ឍន៍ក៏ពិតប្រាកដ និងគួរឲ្យទុកចិត្ត។ លោកថា កម្ពុជាចង់កំណត់អាទិភាព នៃការប្រើប្រាស់ហិរញ្ញប្បទានពី ADB ឲ្យកាន់តែច្បាស់លាស់ និងចំទិសដៅ ដោយផ្អែកក្របខ័ណ្ឌយុទ្ធសាស្រ្ត, ក្របខ័ណ្ឌគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងចក្ខុវិស័យឆ្នាំ២០៣០។
ក្រៅពីការគិតគូរលើប្រសិទ្ធភាព នៃការប្រើប្រាស់ កម្ពុជាក៏ចង់ផ្តោតផងលើកត្តាចីរភាព នៃគម្រោងថែមទៀត ដើម្បីធានាបានថាធនធានដែលកម្ពុជាទទួលបាន ADB, ពិតជាត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងឆ្លាតវៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិ និងអាចបំពេញបាននូវអាទិភាពចម្បងនានារបស់ខ្លួន ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព។
លោក វង្សី វិស្សុត ក៏បានស្នើសុំឲ្យដៃគូធ្វើការផ្លាស់ប្តូរពីរបៀបធ្វើការ ដែលធ្លាប់បានធ្វើពីមុនមក នៅក្នុងការវិនិយោគ។ លោកក៏បានគូសបញ្ជាក់ផងដែរ អំពីការផ្សាភ្ជាប់គោលនយោបាយទៅនឹងជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) តាមរយៈការផ្សាភ្ជាប់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្ត ចាប់ពីកម្រិត តាមវិស័យឡើងទៅជាមួយក្របខ័ណ្ឌវិនិយោគ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបែងចែកធនធាន។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបន្តថា ធ្វើដូចនេះគឺដើម្បីបង្កភាពងាយស្រួល ទាំងសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសម្រាប់ដៃគូពាក់ព័ន្ធ ក្នុងការបំពេញនូវ តួនាទីរបស់ខ្លួនផង ហើយអាចផ្តល់ការគាំទ្រ និងបំពេញឲ្យគ្នាទៅវិញទៅមកផង។ លោកបានលើកឡើង អំពីភាពចាំបាច់ និងបន្ទាន់ពាក់ព័ន្ធវិស័យនគរូបនីយកម្ម ដោយសារវិស័យនេះ មានអត្រាកំណើនខ្ពស់ និងមានសន្ទុះអភិឌ្ឍន៍លឿន ដូចនេះប្រសិនបើមិនបានធ្វើផែនការអភិវឌ្ឍន៍ឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទេ ហើយធ្វើការវិនិយោគនៅត្រង់ទីនេះបន្តិចនោះយើងនឹងត្រូវទទួលរងការខាត់បង់ធំ ទៅថ្ងៃក្រោយជាក់ជាមិនខាន។
ការផ្តល់ហិរញ្ញប្បទានពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង ចាំបាច់តម្រូវឲ្យមានផែនការមេអភិវឌ្ឍន៍ទីក្រុង ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការវិនិយោគ។ ទន្ទឹមនឹងនេះ គ្រប់គម្រោងវិនិយោគទាំងអស់ ត្រូវតែជាគម្រោងដែលអាចធ្វើទៅបាន និងមានចិរភាព ជាពិសេសត្រូវតែមានការគិតគូរលើ ផែនការប្រមូលចំណាយគម្រោងមកវិញ (Cost recovery) ថែមទៀត ដើម្បីធានាបាននូវយុត្តិធម៌រវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅជនបទ ហើយអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនទូទៅ ដោយមិនមែនសម្រាប់តែក្រុមណាមួយនោះទេ។
ដូចគ្នានេះដែរ ចាប់ពីពេលនេះតទៅ រាល់ការវិនិយោគនៅក្នុងវិស័យដឹកជញ្ជូន ក៏ចាំបាច់តម្រូវឲ្យមានផែនការមេនៃវិស័យដឹកជញ្ជូនផងដែរ ហើយប្រសិនបើយើងគ្រប់គ្រង បែងចែក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ថែមទាំងមានអភិបាលកិច្ចទៀតនោះ កម្ពុជានឹងមានអនាគតកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះ ក៏បានធ្វើការពិភាក្សាផងដែរ លើកម្មវិធីគម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ ផងដែរ។ គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែមករា ឆ្នាំ២០១៩ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន១៦០ ដែលមានទឹកប្រាក់សរុបប្រមាណ ៣,១៩៤លានដុល្លារអាមេរិក ដោយក្នុងនោះ ឥណទានសម្បទានប្រមាណ២,៧០៤លានដុល្លារ និងហិរញ្ញប្បទានឥតសំណងប្រមាណ៤៩០លានដុល្លារ៕