(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភទាំងស្រុងដល់លោក ឃួន សិទ្ធិស័ក្ក ដែលជាអ្នកចម្រៀង អូប៉េរ៉ា តែម្នាក់គត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើរដំណើរទៅសម្តែង នៅប្រទេស អូទ្រីស និង ប្រទេស ហុងហ្គារី នៅចុងខែមិនា ឆ្នាំ២០១៩ នេះ តាមការអញ្ជើញរបស់វង្សតន្ត្រីស៉ីមហ្វូនី World Youth Friendship Orchestra របស់ប្រទេសជប៉ុន ដឹកនាំដោយលោក Shinnichi Minami ។
សូមបញ្ជាក់ថា វង្សតន្ត្រី World Youth Friendship Orchestra នេះ ធ្លាប់បានមកសម្តែងនៅកម្ពុជារួចមកហើយក្នុងកម្មវិធី អង្គរឃ្យុងយូ នៅលើទឹកដីនៃខេត្តសៀមរាប ក្នុងឆ្នាំ២០០៦ ដែលទាក់ទាញឲ្យភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ ហើយវង្សតន្ត្រីនេះសោធន៍ ជារៀងរាល់ឆ្នាំក៏មានការសម្តែងនៅប្រទេសផ្សេងៗ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់តន្ត្រីករ និង ទស្សនិកជន នៅលើពិភពលោកដែរ។
តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសយើងត្រូវការធនធានមនុស្សគ្រប់ផ្នែកដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសយើង ដូច្នេះហើយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានចក្ខុវិស័យវែងឆ្ងាយ ចំពោះលោក ឃួន សិទ្ធិស័ក្ក ដែលជាអ្នកចម្រៀង អូប៉េរ៉ា តែម្នាក់គត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គាត់គឺជាធនធានមនុស្សដ៏កម្រមួយក្នុងវិស័យសិល្បៈពិភពលោកដែលតែងតែលើកតម្កើងប្រទេសកម្ពុជា តាមការសម្តែងអូប៉េរ៉ារបស់គាត់នៅបណ្តាប្រទេសនានានៅលើពិភពលោក ហើយក៏ជាផ្នែកមួយនៃវិស័យ ទេសចរណ៍ផងដែរ ដែលគាត់តែងតែនាំឈ្មោះព្រះរាជាណាចក្រកម្ពុជា បោះសម្លេងនៅលើឆាកអន្តរជាតិ តាមគោរមងារអូប៉េរ៉ារបស់គាត់គឺ Cambodian Tenor ហើយនេះក៏ជាលើកទីមួយដែរ ដែលមានឈ្មោះប្រទេសកម្ពុជា ទៅសម្តែងនៅលើឆាក Vienna Golden Hall ដែលជាឆាកសម្តែងតន្ត្រីដ៏ល្បីល្បាញមួយក្នុងប្រវត្តិសាស្ត្រពិភពលោក នៃប្រទេស អូទ្រីស នេះផងដែរ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា ការឧបត្ថម្ភរបស់គាត់ ដល់លោក ឃួន សិទ្ធិស័ក្ក ក៏នឹងជួយជ្រោមជ្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅលើវិស័យអូប៉េរ៉ានេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដើម្បីឈានដល់ការបង្កើតទស្សនីយភាពសិល្បៈអូប៉េរ៉ារបស់ខ្មែរយើងនាថ្ងៃអនាគតខាងមុខនេះផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស តាមរូបភាពនៃទស្សនីយភាព និង ទេសចរណ៍ ។
លោក ឃួន សិទ្ធិស័ក្ក សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភ ក្នុងការធ្វើរដំណើរដើម្បីទៅចូលរួមសម្តែង អូប៉េរ៉ា និង Concert នៅទីក្រុង Vienna នៃប្រទេស អូទ្រីស និង ទីក្រុង Budapest នៃប្រទេស ហុងហ្គារី នៅចុងខែមិនា នេះ និងសូមជូនពរឧត្តមសេនីយ៍ឯក មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក្នុងការរក្សារសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ ជូនប្រជាជន និងមាតុភូមិកម្ពុជា៕