(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសថ្មដា ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានឧបត្ថម្ភថវិកា ១២ម៉ឺនដុល្លារអាមេរិកដល់មូលនិធិស៊ីក្លូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដោះស្រាយផលលំបាក និងលើកកម្ពស់ជីវភាពរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ។

ការឧបត្ថម្ភនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងស្រស់ស្រូបអាហាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូដឹកភ្ញៀវក្នុងរាជរដ្ឋាភិបាលប្រមាណ ៣២០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩នេះ។

ឧកញ៉ា ទ្រី ភាព បានប្រាប់ Fresh News ថា ការឧបត្ថម្ភនេះ គឺជាចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រួលដល់ការលំបាករបស់អ្នកប្រកបរបរធាក់ស៊ីក្លូ។ ឧកញ៉ា ទ្រី ភាព បានបន្ថែមថា ក្រុមហ៊ុនរបស់លោក ក៏ដូចជារូបលោកផ្ទាល់តែងតែគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានៅក្នុងសង្គមតាមរយៈសកម្មភាពមនុស្សធម៌។

សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិស៊ីក្លូ បានថ្លែងចាត់ទុកការចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់មូលនិធិស៊ីក្លូពីសំណាក់សប្បុរសជននានា គឺជាកាយវិការចែករំលែកមួយដ៏ប្រសើរសម្រាប់រួមចំណែកជួយជនជួបការលំបាកក្នុងសង្គមកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងផងដែរថា វប្បធម៌ចែករំលេកពីសំណាក់អ្នកមានធនធាននឹងនៅតែបន្តនៅក្នុងសង្គមកម្ពុជា។ «សង្ឃឹមថា សង្គមជាតិរបស់យើងនឹងអនុវត្តន៍នូវស្មារតីនៃការចែករំលែក ដើម្បីឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសមានវប្បធម៌ស្រឡាញ់រាប់អាន ដោយមិនមាននរណាមើលងាយគ្នាក្នុងឋានៈជាមនុស្សដូចគ្នានោះទេ អ្នកមានអ្នកក្រតម្រូវការដូចគ្នា។ ដូច្នេះដោយសារសេចក្តីស្រឡាញ់ ដោយសារកាយល់ និងដោយសារខ្លួនធ្លាប់មានការលំបាក បានជាខ្ញុំត្រូវខិតខំជាមួយកិច្ចការទាំងឡាយ។ ម្ខាងរាជរដ្ឋាភិបាលត្រូវអនុវត្តន៍គោលនយោបាយគាំពារសង្គមជាក់លាក់ ប៉ុន្តែម្ខាងទៀតខ្ញុំត្រូវធ្វើក្នុងនាមជាសប្បុរសជនម្នាក់ ដែលរួមជាមួយសប្បុរសជនដទៃទៀត ដើម្បីបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរ»។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ មូលនិធិស៊ីក្លូរបស់សម្តេចតេជោ ហ៊ុន សែន ប្រមូលបានថវិកាសរុប ៥៧ម៉ឺនដុល្លារអាមេរិក សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូ និងសម្រាប់ការប្រតិបត្តិការរបស់មូលនិធិ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថវិកាទាំង៥៧ម៉ឺនដុល្លារទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២៤ម៉ឺនដុល្លារ, អ្នកឧកញ៉ា គិត ម៉េង ចំនួន ៥ម៉ឺនដុល្លារ, លោកឧកញ៉ា លាង ឃុន ចំនួន ៥ម៉ឺនដុល្លារ, លោកឧកញ៉ា ថៃ ជាហួត ចំនួន ៥ម៉ឺនដុល្លារ, លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចំនួន ៥ម៉ឺនដុល្លារ, ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីដា និងឧកញ៉ា ទ្រី ភាព ចំនួន ១២ម៉ឺនដុល្លារ។ ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភ ៤០លានរៀលផងដែរ៕