(ម៉ូស្គូ)៖ កងនាវារុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅ រួមជាមួយកងនាវាតួកគីបានដឹកនាំការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយក្នុង គោលបំណងអភិវឌ្ឍន៍សមត្ថភាពអន្តរប្រតិបត្តិការឆ្លើយទៅនឹងហានិភ័យនានា នៅលើដែនសមុទ្រខ្មៅ។ នេះបើតាមនាំពាក្យកងនាវារុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
នាំពាក្យកងនាវារុស្ស៊ី លោក អាឡិចហ្សៃ រុលយ៉ូវ (Alexei Rulyov) បានបញ្ជាក់យ៉ាងដូច្នេះថា «នាវាចម្បាំងពីរគ្រឿងមកពីមូលដ្ឋានទ័ពជើងទឹករុស្ស៊ី ណូវ៉ូរ៉ូស្ស៊ីយីក (Novorossiysk) ប្រចាំតំបន់សមុទ្រខ្មៅ និងនាវាល្បាត វ៉ាស៊ីលី បាយកូវ (Vasily Bykov) នាវាដោះមីន វ៉ាឡេនទីន ភីគុក (Valentin Pikul) បានចូលរួមធ្វើសមយុទ្ធជើងទឹកឈ្មោះ ផាស់សេច (PASSEX) ជាមួយតួកគីក្នុងតំបន់សមុទ្រខ្មៅ»។
គួរជម្រាបថា បើតាមលោក Rulyov កងនាវានៃប្រទេសទាំង ២ នឹងដឹកនាំការធ្វើសមយុទ្ធធ្វើដំណើរឆ្លងកាត់តំបន់គ្រោះថ្នាក់ ដែលមានគ្រាប់មីនបង្កប់ផងដែរ។ វាជាប្រតិបត្តិការមួយដែលបានកើតមានឡើងបន្ទាប់ ប្រទេសរុស្ស៊ីបានបង្ហាញជំហររក្សាការប្តេជ្ញាចិត្តរបស់ខ្លួនកាន់តែខ្លាំងក្នុងការការពារកិច្ចសន្យាទិញ ប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ចំពោះមុខការព្រមានកាន់តែខ្លាំងឡើងៗពីអាមេរិក និងអង្គការ NATO៕