(ភ្នំពេញ)៖ «ខ្ញុំសុខចិត្តធាក់ស៊ីក្លូចិញ្ចឹមជីវិតពីរនាក់យាយតា ដាច់ខាតមិនដើរសុំទានគេឡើយ»។ នេះជាការប្ដេជ្ញាចិត្តតតាំងនឹងវាសនារបស់លោកតា អុំ ថន ដែលមានវ័យ៨០ឆ្នាំទៅហើយ តែនៅតែប្រឹងធាក់ស៊ីក្លូហាលថ្ងៃហាលខ្យល់ហាលភ្លៀង ដើម្បីបានកម្រៃចិញ្ចឹមជីវិតពីរនាក់ប្រពន្ធ និងទុកសម្រាប់ធ្វើបុណ្យទាន ឬឈឺថ្កាត់ជាដើម។
ទឹកចិត្តដ៏មុតមាំបែបនេះ ពិតជាគួរឱ្យកោតសរសើរអស់ពីចិត្ត ចំពោះការខិតខំតស៊ូប្រកបការងារដ៏លំបាកក្នុងសង្គមស៊ីវិល័យមួយនេះ។ ប៉ុន្តែជីវភាពតស៊ូរហូតដល់ចាស់សក់ស្កូវអស់ទៅហើយនេះ មើលទៅគួរឱ្យអាណិតអាសូរណាស់ ពីព្រោះសព្វថ្ងៃនេះលោកតា អុំ ថន និងភរិយា គ្មានសល់កូនចៅសូម្បីម្នាក់ឡើយ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោកតា អុំ ថន បានឱ្យដឹងថា លោកតាមានអាយុ ៨០ឆ្នាំហើយ រស់នៅជាមួយប្រពន្ធដែលមានអាយុជិត ៧០ឆ្នាំហើយដែរ។ សព្វថ្ងៃ លោកតា និងភរិយាស្នាក់នៅផ្ទះថៅកែស៊ីក្លូ នៅម្ដុំផ្សារញ៉ែ ដោយត្រូវបង់ប្រាក់ឱ្យម្ចាស់ផ្ទះមួយថ្ងៃ ៤ពាន់រៀល។
លោកតាបន្តថា រៀងរាល់ថ្ងៃលោកតាខំធាក់ស៊ីក្លូដឹកភ្ញៀវចល័តទៅតាមផ្សារអូរឡាំពិក ផ្សារអូរឫស្សី និងកន្លែងដទៃទៀត។ ជាមួយនឹងសំឡេងខ្សាវៗ លោកតា ថន បានប្រាប់ថា លោកតា មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ហើយបានមកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញនេះ តាំងពីក្រោយឆ្នាំ១៩៨០ មកម្ល៉េះ ដើម្បីទ្រទ្រង់ចិញ្ចឹមជីវិតពីរនាក់យាយតា។ មួយថ្ងៃៗ លោកតាទទួលបានប្រាក់កម្រៃយ៉ាងច្រើនតែ ២ម៉ឺនរៀលប៉ុណ្ណោះ។
ជាការត្រេកអររបស់លោកតា អុំ ថន និងអ្នកធាក់ស៊ីក្លូដទៃទៀត ទទួលបានប្រាក់ឧបត្ថម្ភពីមូលនិធិស៊ីក្លូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន ៧ពាន់រៀល ក្នុងមួយថ្ងៃ។ លោកតា បានគោរពអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នឹងបង្ហាញការជឿជាក់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចផងដែរ៕