(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ចេញរថយន្តដឹកទឹក ចំនួន២គ្រឿង ជាលើកទី២ ដើម្បីដឹកទឹកយកទៅផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្តជាបន្ដបន្ទាប់​ ក្រោយទាំងបុគ្គលិក និងអ្នកជំងឺ​កំពុងតែខ្វះខាតទឹកប្រើប្រាស់។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកមិញ ជាលើកទី២ហើយ​ ខ្ញុំបាទបានទទួលការ​ស្នើសុំអន្តរាគមន៍ ពីមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការខ្វះទឹកស្អាតប្រើប្រាស់​សម្រាប់បុគ្គលិក និងអ្នកសម្រាកព្យាបាលជំងឺ។ ភ្លាមៗ ខ្ញុំបានចាត់ចែងឲ្យ​កម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានចេញរថយន្ត ដើម្បីផ្ដល់ទឹកស្អាតដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាបន្ទាន់ ដែលខ្វះទឹកស្អាតប្រើប្រាស់»

លោកស្នងការ បានបន្ថែមថា រថយន្ត២គ្រឿង បញ្ចូលទឹកបាន៥ឡាន ទៅក្នុងអាងស្តុកទឹករបស់មន្ទីពេទ្យស្មើ និងចំនួន​២៥ម៉ែត្រគូប សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យទាំងមូល។

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ប្រជាពលរដ្ឋក៏មិនទាន់អាចបំពេញតាមតម្រូវការទាំងស្រុង ចំពោះការប្រើប្រាស់ទឹកផងដែរ បើទោះបីអាជ្ញាធរ និងរដ្ឋារករទឹកស្វយ័ត បាននិងកំពុងខិតខំ ប្រឹងប្រែងយ៉ាងណាក្តី៕