(ព្រះវិហារ)៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ មន្រ្តីកម្ពុជា-ថៃ បានជួបប្រជុំគ្នាម្តងទៀត នៅច្រកទ្វារអានសេះ ដើម្បីពិភាក្សាបញ្ហាពីដំណើរការឈានទៅដល់ការបើកច្រកទ្វារមួយនេះ ឲ្យក្លាយជាច្រកទ្វារអន្តរជាតិ នាពេលខាងមុខ។

អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ជា គឹមសេង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមការចូលរួមពីអភិបាលរងខេត្តទាំង២ អភិបាលស្រុកទាំង២ និងខាងកម្លាំងយោធា នៃប្រទេសទាំង២ផងដែរ។

យ៉ាងណាក៏ដោយលោក ជា គឹមសេង បានបញ្ជាក់ថា ចំពោះលទ្ធផល នៃកិច្ចពិភាក្សាខាងលើនេះ មិនទាន់បានទទួលនោះទេ ដោយភាគីទាំង២ នឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដើម្បីសុំគោលការណ៍សម្រេចនៅពេលក្រោយទៀត។

សូមជម្រាបថា អាជ្ញាធរកម្ពុជា-កម្ពុជា បាននិងកំពុងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះនេះឱ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅក្នុងឆ្នាំ២០១៩នេះ។

កាលពីពេលកន្លងទៅ អភិបាលខេត្តព្រះវិហាររបស់កម្ពុជា លោក អ៊ុន ចាន់ដា និងអភិបាលខេត្តអ៊ូប៊ុនរបស់ថៃ លោក សារិទ្ធិ វិធូន បានប្តេជ្ញាថា និងដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះនេះ ឲ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ៕