(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ ដែលជួសជុលសម្រេចបានប្រមាណ ៩៧ភាគរយហើយនោះ គ្រោងនឹងដាក់ឲ្យដំណើរការឡើងវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។
ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ដំណើរការជួសជុលឡើងវិញនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧ភាគរយហើយ៕