(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពស្រ្តីមួយរូប នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «ប្រជាជនដែលប្រទះឃើញសាកសព ឈ្មោះ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរកសិករនៅភូមិក្រោលគោ ឃុំសំបួរមាស។ គាត់បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ មកដល់មាត់បឹងមិនឃើញទូកនៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ ឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវឈប់ចុះមកមើល ស្រាប់តែឃើញសាកសពស្លាប់ក្នុង ប្រឡាយព្រុំដីក្នុងព្រៃ»។
បើតាមលោកស្នងការ ជនរងគ្រោះជនរងគ្រោះ នៅ ស្រីលាប អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល។ ជនរងគ្រោះ ដេកស្លាប់ក្បាលទៅត្បូង ស្រាតខោ ត្រឹមភ្លៅមុខហើមខ្មៅ។ ចំពោះករណីនេះ ស្នងការដ្ឋានបានបញ្ជូនមន្ត្រីជំនាញព្រហ្មទណ្ឌ ចុះកន្លែងកើតហេតុដើម្បីស្រាវជ្រាវស៊ើបអង្គេតករណីនេះ។
ទោះជាយ៉ាងណានោះ លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា តាមការសន្និដ្ឋានបឋម អាចជាករណី រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ៕