(ភ្នំពេញ)៖ លោក ព្យែ បាយេ លេខាធិការអចិន្ត្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំងបានលើកឡើងថា រាជធានីភ្នំពេញ ដែលជាទីក្រុងសមាជិកទីក្រុងនិយាយភាសាបារាំង និងសៀមរាប ជាគំរូមួយក្នុងការអភិវឌ្ឍនូវគម្រោងស្ដារប្រព័ន្ធលំអបរិស្ថាន កាកសំណល់ ទឹកស្អុយ និងទឹកដក់នៅតាមផ្លូវជាដើម។ លោក ព្យែ បាយេ បានបន្ថែមថា ភាពជាគំរូរបស់រាជធានីភ្នំពេញ និងសៀមរាបនេះ អាចនឹងយកទៅអនុវត្តន៍សម្រាប់ប្រទេសជិតខាងដូចជាប្រទេសឡាវ និងវៀតណាមថែមទៀតផង។
ការបញ្ជាក់របស់លោក ព្យែ បាយេ បានធ្វើឡើងក្នុងពេលរូបលោកដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងជជែកលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសជួបសម្តែងការគួរសមនោះ លោក ព្យែ បាយេ ក៏បានបញ្ជាក់ដែរថា សមាគមអភិបាលក្រុងនិយាយភាសាបារាំង នឹងជ្រើសយករាជធានីភ្នំពេញ និងក្រុងសៀមរាប រៀបចំសន្និបាតរបស់ខ្លួននៅដើមខែធ្នូ ឆ្នាំ២០១៩នេះ។
បើតាមលោក ព្យែ បាយេ សន្និបាតនេះនឹងការមានការចូលរួមពីអភិបាលក្រុងអភិបាលប៉ារីស ហើយសន្និបាតនេះនឹងរំលេចនូវភាពជោគជ័យ នៃការអនុវត្តគម្រោងនានានៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងនៅទីក្រុងសៀមរាប។ ក្នុងឱកាសនោះ ក៏នឹងបង្ហាញឲ្យសមាជិកមកពីទ្វីបទាំង៥ និងមានអភិបាលក្រុងពីទ្វីបទាំងប្រាំនៃពិភពលោក នឹងមកចូលរួមសន្និបាតនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយក្នុងការដែលទីក្រុងភ្នំពេញ នឹងរៀបចំធ្វើជាទីកន្លែងសន្និបាតរបស់សមាគមអភិបាលក្រុងនិយាយភាសាបារាំង ដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
ក្នុងជំនួបព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយដោយបានទទួលគណៈប្រតិភូសមាគមអភិបាលក្រុងនិយាយភាសាបារាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោថា តាមរយៈដំណើរនេះ គណៈប្រតិភូបានឃើញផ្ទាល់នឹងភ្នែកនូវការរីកចម្រើន ជាពិសេសនៅក្នុងការអនុវត្តគម្រោងនានា ដែលសមាគមនៃអភិបាលក្រុងនិយាយភាសាបារាំង បានជួយមកដល់កម្ពុជា ដែលមានប្រវត្តិតាំងពីក្នុងទសវត្សរ៍៨០មកម្ល៉េះ ទោះបីពេលនោះ បារាំង និងកម្ពុជា មិនទាន់ភ្ជាប់ទំនាក់ទំនងការទូត នឹងគ្នានៅឡើយ ដោយសារបានកាត់ផ្ដាច់ក្រោយរបបខ្មែរក្រហម។ សម្តេចតេជោ បានរំលឹកថា នៅពេលនោះអភិបាលក្រុងប៉ារីស លោក ហ្សាក់ ស៊ីរ៉ាក់ បានបញ្ជូនរថយន្តដឹកសំរាមមកឲ្យកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ជាកិត្តិយសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញ បានក្លាយទៅជាសមាជិកមួយ នៃសមាគមប្រទេសប្រើប្រាស់ភាសាបារាំង។ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីការរីកលូតលាស់យ៉ាងលឿនរបស់រាជធានីភ្នំពេញផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា កំណើនប្រជាជន ដែលធ្វើឲ្យជួបបញ្ហាលំបាកនៅក្នុងការដោះស្រាយបញ្ហាលូបង្ហូរទឹកកខ្វក់ និងបញ្ហាសំរាមជាដើម ជាពិសេសកំណើនប្រជាជននៅក្នុងទីក្រុងកាន់តែច្រើន បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែរាជរដ្ឋាភិបាលកំពុងខិតខំរៀបចំដោះស្រាយ ហើយសម្ដេចស្វាគមន៍ និងរីករាយជានិច្ច ជាមួយគម្រោងនានា និងការជួយរបស់សមាគម ក៏ដូចជាមូលនិធិផ្សេងៗ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានត្រៀមថវិកាបដិភាគសម្រាប់អនុវត្តគម្រោងទាំងនោះ ឲ្យប្រកបដោយជោគជ័យ។
សម្ដេចបានលើកឡើងថា ប្រទេសនិយាយភាសាបារាំងភាគច្រើន ជាប្រទេសក្រីក្រមិនអភិវឌ្ឍដូចប្រទេសនិយាយភាសាអង់គ្លេសទេ តែក៏មានមោទនភាព ដោយសារសមាគមប្រទេស ដែលនិយាយភាសាបារាំង មានស្មារតីជាសហគមន៍ជួយគ្នា។ ដូចជាកម្ពុជា បើទោះបីទើបរួចផុតពីសង្គ្រាម ប៉ុន្តែបានបញ្ជូនកងកម្លាំង ទៅជួយរក្សាសន្តិភាពនៅប្រទេសនិយាយភាសាបារាំងមួយចំនួន ជាកិច្ចសហប្រតិបត្តិការមួយនៅក្នុងក្រុមប្រទេស ដែលនិយាយភាសាបារាំង។
សម្ដេចបានលើកឡើងផងដែរថា ថ្វីត្បិតតែបច្ចុប្បន្នមាននិន្នាការឆ្ពោះទៅការប្រើភាសាអង់គ្លេស ក៏ប៉ុន្តែត្រូវតែយកចិត្តទុកដាក់បង្ហាត់បង្រៀនគ្រូភាសាបារាំង សម្រាប់បង្រៀននៅក្នុងសាលា និងនៅក្នុងវិទ្យាស្ថានបច្ចេកទេស៕