(ព្រះវិហារ)៖ នារីដែលជាមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជក កងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តព្រះវិហារ បានចូលរួមបំរើការងារយ៉ាងសកម្ម និងមិនខ្លាចនឿយហត់ ទោះជួបប្រទះនូវ ហានិភ័យខ្ពស់ក្នុងជីវភាពរស់នៅក្នុងគ្រួសារ និងសង្គមយ៉ាងណាក៏ដោយ ប៉ុន្តែនារី និងប្រតិបត្តិករនានានៅតែមានចិត្តមុះមុត មិនរាថយឡើយ។
នេះជាការថ្លែងកោតសសើររបស់នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ក្នុងពិធីសំណេះសំណាលជាមួយស្រ្តី ដែលជាមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជក និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារប្រមាណ១១០០នាក់ ក្នុងឱកាសខួបលើកទី១០៨ ទិវានារី អន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងថា ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកពីវីរភាព នៃការតស៊ូរបស់នារី ទូទាំងពិភពលោក ក្នុងការទាមទាឲ្យមានការលើកកម្ពស់សិទ្ធ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៏សិទ្ធស្មើរភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម។
លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត បាននិងកំពុងបន្តពង្រឹងសា្ថនភាព និងតួនាទីដ៏សំខាន់របស់ ស្រ្តីក្នុងសង្គម លើកស្ទួយសីលធម៌ និងតម្លៃរបស់ស្រ្តីខ្មែរ លុប បំបាត់រាល់ទស្សនមើលស្រាលតួនាទីរបស់ស្រី្ត សំដៅលើកកម្ពស់ការចូលរួមរបស់ស្រ្តី ឲ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាថែមទៀត ក្នុងការកសាង ការពារមាតុភូមិ ជាពិសេសការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងគ្រប់វិស័យ»។
នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានទទួលស្គាល់គុណបំណាច់ នៃការចូលរួមរបស់ស្រ្តី ថាជាឆ្អឹងខ្នងយ៉ាងសំខាន់និងរឹងមាំ ក្នុងការថែរក្សាសន្តិភាព អភិវឌ្ឍសេដ្ឋកិច្ច និងសង្តម ព្រមទាំងបានដាក់អនុវត្តផែនការ Gender (យេនឌ័រ) ទៅរាល់គោលនយោបាយជាតិ។
ការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃប្រទេសជាតិមួយប្រព្រឹត្តទៅបានដោយជោគជ័យនោះ គឺត្រូវមានសមាសធាតុផ្សំជាច្រើនដូចជា កត្តាធនធានមនុស្ស ជាសមាសធាតុដ៏ពិសេសមួយ ក្នុងចំណោមសមាសធាតុផ្សំដទៃទៀត។
យ៉ាងណាមិញភាពខ្លាំងក្លារឹងមាំ របស់ប្រទេសជាតិ មិនមែនមានត្រឹមតែការធ្វើទំនើបកម្ម អាវុធយុទ្ធភណ្ឌ និងយោធិនគ្រប់រូបប្រកបដោយឆន្ទៈមោះមុត ស្នេហាជាតិ មាតុភូមិខ្លួនប៉ុណ្ណោះទេ តែ ត្រូវមានការ សាមគ្គីភាព និងយល់ដឹងទូលំទូលាយជាលក្ខណៈសកល និងមានការចូលរួមយ៉ាងសកម្មពីស្រ្តី ដោយមិនអាចខ្វះបាន។
នាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្ដាំផ្ញើដល់ស្ដ្រីគ្រប់រូបថា អ្វីៗក៏ដោយសំខាន់បំផុតនៅលើខ្លួនឯង ព្រោះកូនសោរនៅលើយើង បើយើងមិនយល់ព្រមជាមួយនណានោះទេ ក៏មិនមានករណីអ្វីកើតឡើងឡើយ។ ស្ដ្រីកម្ពុជាទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពចំណេះជំនាញ និងរក្សាខ្ជាប់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរយើងឱ្យបាន ទោះមានវប្បធម៌បរទេសហូរ ចូលតាមរយៈណាក៏ដោយចុះ៕