(ព្រះវិហារ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ដល់កងទ័ពត្រូវទប់ស្កាត់ឲ្យបាន រាល់ការតវ៉ាដែលមានចេតនាចង់ផ្តួលរំលំ ដែលជាបទឧក្រិដ្ឋ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។
នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយនាយទាហាន នាយទហានរង ពលទាហាន នាយនគរបាល និងពលនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន សមរភូមិទិសទី១ ប្រាសាទព្រះវិហារ នៅទីបញ្ជាការដ្ឋានអង្គរក្សក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចោទជាសំណួរថា «តើយើងគួរ ប្រើទ័ពនៅពេលណា? កាលៈទេសៈណា? ហើយកាលៈទេសៈណា ដែលត្រូវប្រើត្រឹមប៉ូលីសយុត្តិធម៌? ឫក៏ធ្ងន់ធ្ងរជាងនេះ យើងត្រូវប្រើកម្លាំងអាវុធហត្ថដែលជាមន្ត្រីយុត្តិធម៌»?
សម្តេច ទៀ បាញ់ បានបន្តទៀតថា «កងទ័ពយើងត្រូវធ្វើអី? យើងដឹងហើយ មិនមែនលើកទ័ពទៅធ្វើសឹកជាមួយប្រជាជន ធ្វើសឹកជាមួយអ្នកតវ៉ា»។
សម្តេចបានបញ្ជាក់ថា «អ្នកតវ៉ាមាន២ប្រភេទ ទី១៖ តវ៉ាសុំឡើងប្រាក់ខែ តវ៉ារឿងបំពានដីធ្លី និងជាបទល្មើសរដ្ឋប្បវេណី តែការតវ៉ារឿង ហ៊ុន សែនអើយចុះចេញទៅ គឺអត់បានទេ នេះជារឿងផ្សេង ដូច្នេះការផ្តួលរំលំជាបទឧក្រិដ្ឋ គឺមិនអនុញ្ញាតដាច់ខាត ដូច្នេះយើងត្រូវចាំ ហើយត្រូវប្រើកម្លាំងឲ្យមានប្រសិទ្ធិភាព និងទៅតាមកាលៈទេសៈ មិនមែនទាស់ជាមួយប្រជាជននោះទេ ព្រោះប្រជាជន គាត់មិនមានអីទេ ហើយយើងក៏មិនត្រូវយកអាវុធទៅប្រើដែរ»។
ជាមួយគ្នានេះ សម្តេច ទៀ បាញ់ ក៏បានលើកឡើងថា បន្ទាប់ពីការពារបូរណភាពទឹកដីរបស់យើងបានហើយ យើងត្រូវជួយប្រជាជនឲ្យគាត់រស់នៅ ដោយសុខដុមរមនា រស់នៅដោយសុខសាន្ត ដែលកន្លងមកយើងតែងធ្វើជាប្រចាំ រាល់មានបញ្ហាកើតឡើងដូចជា គ្រោះធម្មជាតិ គ្រោះរាំងស្ងួតជាដើម។
ទន្ទឹមនិងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តាំផ្ញើឲ្យកងកម្លាំងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យើងនៅទីណា កន្លែងណាក៏ដោយ ត្រូវបន្តការគាំទ្រផ្តល់នូវទំនុកចិត្ត ផ្តល់នៅជំនឿជឿជាក់ដល់ប្រជាជនយើង ដែលនេះជាភារកិច្ចស្នូលបំផុតរបស់យើង៕