(ភ្នំពេញ)៖ មូលនិធិត្រីចក្រក្រយាន ឬហៅថា មូលនិធិស៊ីក្លូ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ នៅក្នុងឆ្នាំ២០១៩នេះ មានថវិការហូតដល់ទៅ ៥៧ម៉ឺនដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូ និងចំណាយលើប្រតិបត្តិការផ្សេងៗ។
ក្នុងពិធីសំណេះសំណាល និងស្រស់ស្រូបអាហាររួមគ្នាជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូដឹកភ្ញៀវជាង ៣០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថវិកាទាំង៥៧ម៉ឺនដុល្លារទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២៤ម៉ឺនដុល្លារ, អ្នកឧកញ៉ា គិត ម៉េង ចំនួន ៥ម៉ឺនដុល្លារ, លោកឧកញ៉ា លាង ឃុន ចំនួន ៥ម៉ឺនដុល្លារ, លោកឧកញ៉ា ថៃ ជាហួត ចំនួន ៥ម៉ឺនដុល្លារ, លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចំនួន ៥ម៉ឺនដុល្លារ, ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីដា និងឧកញ៉ា ទ្រី ភាព ចំនួន ១២ម៉ឺនដុល្លារ។ ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភ ៤០លានរៀលផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិស៊ីក្លូ បានថ្លែងចាត់ទុកការចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់មូលនិធិស៊ីក្លូពីសំណាក់សប្បុរសជននានា គឺជាកាយវិការចែករំលែកមួយដ៏ប្រសើរសម្រាប់រួមចំណែកជួយជនជួបការលំបាកក្នុងសង្គមកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងផងដែរថា វប្បធម៌ចែករំលេកពីសំណាក់អ្នកមានធនធាននឹងនៅតែបន្តនៅក្នុងសង្គមកម្ពុជា។ «សង្ឃឹមថា សង្គមជាតិរបស់យើងនឹងអនុវត្តន៍នូវស្មារតីនៃការចែករំលែក ដើម្បីឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសមានវប្បធម៌ស្រឡាញ់រាប់អាន ដោយមិនមាននរណាមើលងាយគ្នាក្នុងឋានៈជាមនុស្សដូចគ្នានោះទេ អ្នកមានអ្នកក្រតម្រូវការដូចគ្នា។ ដូច្នេះដោយសារសេចក្តីស្រឡាញ់ ដោយសារកាយល់ និងដោយសារខ្លួនធ្លាប់មានការលំបាក បានជាខ្ញុំត្រូវខិតខំជាមួយកិច្ចការទាំងឡាយ។ ម្ខាងរាជរដ្ឋាភិបាលត្រូវអនុវត្តន៍គោលនយោបាយគាំពារសង្គមជាក់លាក់ ប៉ុន្តែម្ខាងទៀតខ្ញុំត្រូវធ្វើក្នុងនាមជាសប្បុរសជនម្នាក់ ដែលរួមជាមួយសប្បុរសជនដទៃទៀត ដើម្បីបង្កើតឡើងនូវស្ថានភាពដ៏ល្អប្រសើរ»។
សូមបញ្ជាក់ថា មូលនិធិស៊ីក្លូ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតឡើងកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងគោលបំណងជួយរួមចំណែកទ្រទ្រង់ជីវភាពរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាអភិរក្សាស៊ីក្លូ ដែលជាយានអត្តសញ្ញាណរបស់កម្ពុជាបន្សល់ពីសម័យអាណានិគមបារាំង។ បច្ចុប្បន្ននេះ មូលនិធិស៊ីក្លូ មានសមាជិកសរុប ៣២០នាក់។
បើតាមលោក ឃួង ស្រេង ក្រោយការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិស៊ីក្លូរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សមាគម បានផ្ដល់ជូនសមាជិកសកម្មនូវអត្ថប្រយោជន៍ជាច្រើនស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃរួមមាន៖
១៖ បានផ្ដល់ឯកសណ្ឋានជូនសមាជិកនីមួយៗចំនួន ០២ កំប្លេ
២៖ បានធ្វើកាតសម្គាល់សមាជិក និងបានសហការជាមួយធនាគារវីង (Wing) ដើម្បីបោះពុម្ភកាតគណនីផ្ទាល់ខ្លួន សម្រាប់បើកផ្ដល់ថវិកាឧបត្ថម្ភប្រចាំថ្ងៃចំនួន ៧,០០០រៀល ក្នុងមួយថ្ងៃ ស្មើនឹង ២១០,០០០រៀលក្នុងមួយខែ ដោយបានបញ្ចូលជាស្វ័យប្រវត្តិរៀងរាល់ ១០ថ្ងៃម្ដង ជាទៀងទាត់ ធ្វើឲ្យសមាជិកសមាគមមានភាពងាយស្រួលក្នុងការទទួលបានប្រាក់ឧបត្ថម្ភ
៣៖ បើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០១៨ កន្លងទៅ ជូនសមាជិករបស់សមាគម ក្នុងម្នាក់ៗចំនួន ៥០,០០០រៀល
៤៖ បើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨ កន្លងទៅ ជូនសមាជិករបស់សមាគម ក្នុងម្នាក់ៗចំនួន ៥០,០០០រៀល
៥៖ បើកផ្ដល់ថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាពចំនួន ០៣ រូប ក្នុងនោះ គ្រួសារសពទទួលបានថវិកាចំនួន ១,០៥០,០០០រៀល ស្របតាមគោលការណ៍កំណត់របស់សមាគម
៦៖ ផ្ដល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិកសមាគមទាំងអស់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពនានា ដោយឥតគិតថ្លៃ
៧៖ បានរៀបចំក្រុមការងារចុះសាកសួរសុខទុក្ខ និងផ្ដល់ថវិកាឧបត្ថម្ភបន្ថែមដល់សមាជិកសមាគម ដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ
៨៖ បានរៀបចំកែហ្រ្វាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ
៩៖ បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូជូនសមាជិកទាំងអស់៕