(ព្រះសីហនុ)៖ លោក ផៃ ស៉ីផាន​ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអះអាងថា ខេត្តព្រះសីហនុជាខេត្តមួយ ដែលមានសក្តានុពលខ្លាំង ហើយរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើឲ្យខេត្តជាប់សមុទ្រមួយនេះ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុត នៅតំបន់អាស៉ីអាគ្នេយ៍ (ASEAN)។

ការអះអាងរបស់លោក ផៃ ស៉ីផាន បានធ្វើឡើងនៅក្នុងសិក្ខាសាលាពិសេសមួយ ស្តីពី «ការពង្រឹងសមត្ថភាពអ្នកនាំពាក្យសកម្ម ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយសខេត្តជាប់មាត់សមុទ្រកម្ពុជា» នាថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។

លោក​ ផៃ ស៉ីផាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នឹងប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនខ្លាំងជាង ប្រទេសសិង្ហបុរីទៅទៀត ពោលនឹងក្លាយជាកូននាគនៅអាស៉ី តាមរយៈវិនិយោគិនចិន។ ប៉ុន្តែកម្ពុជានៅតែស្វាគមន៍ រាល់អ្នកវិនិយោទាំងអស់ ដែលមានបំណងមកបណ្តាក់ទុន ព្រោះនយោបាយការបរទេសប្រទេសកម្ពុជា មិនយកប្រទេសណាមួយមកធ្វើជាសត្រូវនោះទេ។

លោកបានបន្តថា៖ «កំពង់សោ​មជាទិសដៅមួយនៃការអភិវឌ្ឍន៍ រហូតដល់ហរិញ្ញវត្ថុ ដែលសម្តេចតេជោ មានទស្សនទានមួយថា នឹងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ សម្រាប់បម្រើការងារ នៅកំពង់សោមនេះឯង»

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមណ្ឌលសិក្សាចិន​នៃរាជបណ្ឌិត្យសភា បានថ្លែងថា ដើម្បីជាដៃគូគ្រប់ជ្រុងជ្រោយ ថ្ងៃខាងមុខចិនត្រូវយកកម្ពុជា ធ្វើជាទីកន្លែងចែកចាយទំនិញ ទៅកាន់បណ្តាប្រទេសអាស៊ាន និង ប្រទេសផ្សេងៗ រួមមានប្រទេសឥណ្ឌា អារ៉ាប់ គឺប្រទេសទាំងឡាយ នៅលោកខាងកើតតែម្តង តាមរយៈការផ្ទេរទំនិញ នៅកំពង់ផែទឹកជ្រៅ នៃក្រុងព្រះសីហនុ ហើយការចែកចេញទំនិញ ទៅកាន់ប្រទេសផ្សេងៗចេញពីកម្ពុជា នឹងត្រូវធ្វើឡើងតាមរយៈ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»

លោកបណ្ឌិត បានបញ្ជាក់ថា៖ «ដោយសារកំពង់សោមហ្នឹង បច្ចុប្បន្នមានសក្តានុពលសេដ្ឋកិច្ច តាមរយៈសក្តានុពលនេះ គោលការណ៍ខាងមុខ ចិននឹងធ្វើកំពង់សោម ឱ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានការអភិវឌ្ឍ ដូចស៉ីងហ្កាពួរអញ្ចឹង។ អញ្ចឹងគេព្យាករណ៍ថា ទៅថ្ងៃមុខខេត្តកំពង់សោម វានឹងរីកចម្រើនហើយមានការអភិវឌ្ឍ ខ្លាំងជាង Singapore ទៀត ដោយសារយើងមានកំពង់ផែ មាននាវាចរណ៍ចេញចូល មានពាណិជ្ជកម្មចរាចរណ៍ទៅមក អញ្ចឹងយើងអត់មានធ្វើអីទេ យើងគ្រាន់តែចាំប្រមូលលុយ»

បើតាមលោកបណ្ឌិត ចិនក៏បានគាំទ្រឱ្យថៃ ដើម្បីជីកព្រែកក្រាផងដែរ ហើយបើគម្រោងនេះដំណើរការ ព្រែកជីកក្រា នឹងក្លាយជាទីកន្លែងឆ្លងកាត់ នៃនាវាដឹកទំនិញនានា ពីលោកខាងលិចទៅលោកខាងកើត ដោយមិនបាច់ឆ្លងកាត់ ទៅតាមប្រទេសសិង្ហបូរីឡើយ។ លោកថា នាវាទាំងអស់នឹងចូលមកចតនៅកម្ពុជា ព្រោះបើតាមសិង្ហបូរី នឹងខាតការធ្វើដំណើរ ជាង១ពាន់គីឡូម៉ែត្រឯណោះ ហើយទំនិញដែលត្រូវចែកចាយពីកម្ពុជា ចង់ចែកតាមរយៈផ្លូវគោកក៏បាន ផ្លូវទឹកក៏បាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា «ដោយសារយើងមានកំពង់ផែទឹកជ្រៅ អញ្ចឹងយើងមានទីតាំងនៃការចរាចរទំនិញ ត្បិតថាយើងអត់មានទំនិញនាំចេញ ក៏អត់មានទំនិញនាំចូល ប៉ុន្តែយើងជាកន្លែងដែលចរាចរណ៍ទំនិញ មានន័យថា កប៉ាល់ចេញក៏លុយ កប៉ាល់ចូលក៏លុយ អញ្ចឹងយើងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុហើយ»