(ភ្នំពេញ)៖ ឆ្លើយតបនឹងការព្រួយបារម្ភរបស់ ក្រុមអ្នកធាក់ស៊ីក្លូនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរម្តងទៀតថា ដរាបណាដែលសម្តេចនៅតែជានាយករដ្ឋមន្រ្តី មូលនិធិស៊ីក្លូ មិនគួរបាត់បង់នោះទេ។
ការប្រកាសសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមកនេះ មានអ្នកខ្លះបានចោទសម្តេចថា ធ្វើប្រជាភិថុតិ ចំពោះរបបស៊ីក្លូ។ សម្តេចក៏បានសួរថា តើធ្វើប្រជាភិថុតិរបៀបណា បើតាំងពីក្រោយថ្ងៃរំដោះប្រទេសសម្តេច បានធ្វើកិច្ចការមនុស្សធម៌រៀងរហូតមក ហើយមិនមែនធ្វើកញ្ឆក់កណ្តៀត គឺធ្វើជាទៀងទាត់ ដោយបង្កើតមូលនិធិ សម្រាប់ការធានារ៉ាប់រងក្នុងរយៈពេលវែង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេក៏អាចមើលឃើញផងដែរថា ប្រសិនបើ ហ៊ុន សែន មិនមែនជានាយករដ្ឋមន្រ្តីបន្តទៀត ក៏អាចនិយាយបានថា វាក៏រលាយទៅវិញដែរ ព្រោះបើអ្នកទាំងអស់គ្នាលែងត្រូវការខ្ញុំហើយ តើខ្ញុំមានការចាំបាច់នឹងបន្តវាធ្វើអ្វីទៀត អញ្ចឹងទុកឱ្យនាយករដ្ឋមន្រ្តីក្រោយ គេធ្វើការងារនេះទៅ បើសិនខ្ញុំនៅតែជានាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជន ខ្ញុំយល់ថា មូលនិធិនេះ មិនត្រូវបាត់បង់ទេ»។
សូមបញ្ជាក់ថា មូលនិធិស៊ីក្រូ ត្រូវបានប្រកាសឱ្យអនុវត្តមូល ដោយសម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តទៅ។ ការប្រកាសឱ្យបង្កើត និងអនុវត្តមូលនិធិស៊ីក្លូនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែក ជួយអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។
ទាំងអ្នកធាក់ស៊ីក្លូ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សុទ្ធតែបង្ហាញការគាំទ្រសម្រាប់ការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ បងប្អូនអ្នកធាក់ស៊ីក្លូ បានសម្តែងការរីករាយខ្លាំង ហើយបានហៅចំណាត់ការទាំងអស់នេះ គឺជួយដល់ជីវភាពរបស់គាត់ផង ហើយក៏ជួយឲ្យស៊ីក្លូបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជាផងដែរ។
បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំ២០១៩នេះ «មូលនិធិស៊ីក្លូ» មានថវិកា ៥៧ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់សកម្មភាពរបស់ខ្លួនផងដែរ៕