(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជួយទ្រទ្រង់មជ្ឈមណ្ឌលមើលថែកុមារកំព្រារាប់សិប នៅក្នុងប្រទេសកម្ពុជា បានប្រកាសឲ្យសិក្សាការសាងសង់អគារ និងបន្ដជួយទ្រទ្រង់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី «អាហ្វេស៊ីប ទុំឌី» នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងសង្គ្រោះក្មេងស្រីៗ រងគ្រោះដោយអំពើរំលោភបំពានផ្សេងៗ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាល និងស្រស់ស្រូបអាហារ ជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលនេះជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មួយ ចំពោះសុខទុក្ខរបស់អ្នកធាក់ស៊ីក្លូ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមីនាម្សិលមិញ ភរិយារបស់សម្ដេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះទៅសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅក្មេងស្រីៗ ជាច្រើនដែលកំពុងតែរស់នៅទីនោះ ហើយសុទ្ធតែរងគ្រោះដោយអំពើរំលោភពីឪពុកបង្កើត ឬជីតាបង្កើតជាដើម។
សម្ដេចតេជោបន្ទាប់ពីបានដឹងនូវស្ថានភាពដ៏លំបាកទាំងអស់នេះ បានសម្រេចឲ្យក្រុមការងារជំនាញ ចុះសិក្សាស្រាវជ្រាវដើម្បីជួយសាងសង់អគារ និងផ្គត់ផ្គង់បន្ដទៀត ដល់មជ្ឈមណ្ឌលពិសេសមួយនេះ ដើម្បីជារួមចំណែក និងចែករំលែកការលំបាកជាមួយអ្នកគ្រប់គ្រង់អង្គការមួយនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងត្រូវទទួលរ៉ាប់រងនូវមជ្ឈមណ្ឌលពិសេសមួយ ដែលភរិយាខ្ញុំទើបនឹងទៅពីម្សិលមិញ ហើយត្រឡប់មកវិញគាត់និយាយទាំងទឹកភ្នែកប្រាប់ខ្ញុំ នោះគឺជាទីកន្លែងមួយដែលក្មេងស្រី ត្រូវទទួលរងការរំលោភពីឪពុកបង្កើត ពីជីតាបង្កើត និងពីអ្នកដ៏ទៃទៀត ប៉ុន្ដែឥលូវស្ថិតក្នុងស្ថានភាពដែលមានការលំបាក ដូច្នេះខ្ញុំកំពុងឲ្យចុះសិក្សាអំពីអគារដែលត្រូវសាងសង់ ដែលខ្ញុំអាចនឹងកសាងអគារសម្រាប់ពួកគេ»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា សម្ដេចនឹងនៅតែបន្ដទ្រទ្រង់អង្គការមួយនេះ បើទោះបីអង្គការនៅក្រៅប្រទេស មិនផ្ដល់នូវការទ្រទ្រង់សម្រាប់មណ្ឌលនេះក៏ដោយ។ សម្ដេចបានចាត់ទុកថា ការចូលរួមរបស់សម្ដេច ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីកាត់បន្ថយនូវការឈឺចាប់ និងបង្កើតនូវការបណ្ដុះបណ្ដាលសម្រាប់ចៅៗ និងកូនៗទាំងឡាយ ដែលទទួលរងគ្រោះដោយសារតណ្ហាបិសាច ដែលជារឿងមួយដ៏អកុសល។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន នឹងចុះទៅពិនិត្យផ្ទាល់នៅមជ្ឈមណ្ឌលមួយនេះផងដែរ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ចុងសប្ដាហ៍នេះ ដើម្បីសម្ដេចបានដឹងកាន់តែច្បាស់ជាក់ស្ដែង ចំពោះស្ថានភាពទូទៅ។
សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់អាហារដល់ កុមារ យុវនារី នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក៏បានផ្ដល់នូវអំណោយជូនដល់មជ្ឈមណ្ឌលមួយនេះ និងសម្រាប់កុមារី យុវនារី៨៩នាក់ ផងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់អាហារដល់ កុមារ យុវនារី នៅមជ្ឈមណ្ឌលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងប្រឆាំងដាច់ខាត ចំពោះអំពើពាលរបស់ឪពុក ឬជីតាទាំងឡាយណា ដែលបានចាប់កូន ចៅរបស់ខ្លួនរំលោភ ហើយគំរាមសម្លាប់ ដែលនេះជាទង្វើដែលអន់ជាងញាណសត្វឆ្កែទៅទៀត៕