Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ចង់ឃើញនគរបាលជាស្ត្រី កាន់មុខតំណែងជាអនុប្រធានប៉ុស្តិ៍រដ្ឋបាល ឬអធិការរង

08-03-2019 12:41

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានជំរុញឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត រៀបចំឲ្យនគរបាលជាស្ត្រី បានកាន់តំណែងជាអនុប្រធាន ប៉ុស្តិ៍រដ្ឋបាល ឬក៏អធិការរង។

នេះជាការថ្លែងរបស់លោកអភិបាលខេត្ត ខណៈលោកអភិបាល និងលោកស្រី បានចូលរួមជាអធិបតីក្នុងពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមត្ថភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ធ្វើឡើងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា ជាមន្រ្តីនគរបាលក្រៅពីការថែ រក្សាសន្តិសុខ ក៏នៅមានកិច្ចការរដ្ឋបាលបម្រើសេវា ជូនប្រជាពលរដ្ឋផងដែរ ដូច្នេះទាក់ទងទៅនឹងការងារបំរើ សេវាសាធារណៈ ស្ត្រីដូចជាមានការទន់ភ្លន់ជាងបុរស ដែលអាចកាត់បន្ថយបាននូវការប្រឈម នូវបញ្ហាអសកម្មមួយចំនួន នៅពេលអតិថិជនដែលគាត់ចូលមករកការបម្រើសេវា។

ដូច្នេះចំពោះនគរបាលជាស្ត្រី គួរត្រូវបានពិចារណា ធ្វើការបែងចែកភារកិច្ចឲ្យសមទៅតាមសមត្ថភាព និងឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឱ្យសមទៅតាមតួនាទីឋានៈ ដែលយើងបានប្រគល់ជូន។

បើតាមលោកអភិបាលខេត្ត នៅក្នុងខេត្តកំពង់ចាម មិនទាន់មានស្ត្រី ដែលមានតួនាទី ជាអនុប្រធានប៉ុស្តិ៍រដ្ឋបាលនៅឡើយទេ ដូច្នេះលោកអភិបាលខេត្ត បានផ្ដល់អនុសាសន៍ឲ្យ លោកឧត្តមសេនីយ៍ទោ ឯម កុសល ធ្វើការសាកល្បងរៀបចំឲ្យមានស្ត្រីទទួលតំណែង ជាអនុប្រធានប៉ុស្តិ៍រដ្ឋបាលដោយគិតចាប់ផ្តើមក្នុងឆ្នាំ២០១៩នេះតទៅ៕