(ក្រចេះ)៖ អនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំមួយ នៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយបានព្រមព្រៀងចំនួន១២ចំណុច សម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមកពីប្រទេសទាំង៣ ដឹកនាំដោយ លោក លួ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា។
កិច្ចព្រមព្រៀង១២ចំណុច សម្រាប់កិច្ចប្រជុំលើកទី១០ នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត សម្រាប់តំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាមនេះ រួមមានដូចជា៖
១៖ អនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពជា-ឡាវ-វៀតណាម (ចាប់ពីពេលនេះតទៅហៅកាត់ថា “អនុគណៈកម្មការ) បានដំណើរការកិច្ចប្រជុំលើកទី១០ នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នៅលើទឹកដីខេត្តក្រចេះ ប្រទេសកម្ពុជា។
២៖ អនុគណៈកម្មការ បានផ្លាស់ប្តូររបាយការណ៍ស្តីពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ នៃការអភិវឌ្ឍន៍ខេត្តទាំង១៣ (ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តសារ៉ាវ៉ាន់ ខេត្តសេកង ខេត្តអត្តពើ ខេត្តចំប៉ាសាក់ ខេត្តកន្ទម ខេត្តយ៉ាឡាយ ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក) នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីក្រោយកិច្ចប្រជុំនៅខេត្តប៊ិញភឿក ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងក្រុងដុងស្វាយ ខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។
៣៖ គណៈកម្មការសូមស្វាគមន៍ និងអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលលើកទី១០ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាមដល់ឆ្នាំ ២០៣០ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
៤៖ អនុគណៈកម្មការ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីឱ្យខេត្តទាំង១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានអភិវឌ្ឍរីកចំរើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៥៖ អនុគណៈកម្មការបានស្នើរដ្ឋាភិបាល នៃប្រទេសទាំងបី និងដៃគូអភិវឌ្ឍន៍ឱ្យបន្តធ្វើការវិនិយោគ និងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងអរូបវ័ន្ត សំដៅបង្កើតការតភ្ជាប់ដែលប្រកបសមកាលក្នុងរវាងខេត្តនៃតំបន់CLV-DTAជាពិសេស និងប្រទេសទាំងបីជាទូទៅ។
៦៖ អនុគណៈកម្មការ បានប្តេជ្ញាចិត្តនឹងអនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាមដល់ឆ្នាំ២០៣០” ស្របតាមកិច្ចព្រមព្រៀងនានាដែលបានឯកភាពដោយរដ្ឋាភិបាលនៃប្រទេសទាំងបី និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសនីមួយៗ។
៧៖ អនុគណៈកម្មការបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចងសម្ព័ន្ធមេត្រីរវាងខេត្តក្នុងតំបន់ CLV-DTA ដែលរួមចំណែកក្នុងការពង្រឹងនិងគាំទ្រដល់ការអនុវត្តផែនការមេ ស្តីពីការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមដល់ឆ្នាំ២០២០ និងផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាមដល់ឆ្នាំ២០៣០។
៨៖ អនុគណៈកម្មការបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត ក្នុងតំបន់CLV-DTAនិងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យសហការនិងផ្លាស់ប្តូរព័ត៌មានចាំបាច់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហានិងហេតុការណ៍នានាកើតឡើងចំពោះប្រជាជន ពាណិជ្ជករ និងអ្នកវិនិយោគនៅតាមតំបន់ព្រំដែន និងដើម្បីសហការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសនីមួយៗ និងការព្រមព្រៀងនានារបស់រដ្ឋាភិបាលនៃប្រទេសទាំងបី។
៩៖ អនុគណៈកម្មការ បានស្នើរដ្ឋាភិបាលនៃប្រទេសទាំងបីបន្តជំរុញកិច្ចសហការក្នុងការអនុវត្ត កិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួលនិងជំរុញពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
១០៖ អនុគណៈកម្មការបានពិនិត្យ និងសម្រេចថា ប្រធានអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកម្ពុជា នឹងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនេះជូនកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់។
១១៖ អនុគណៈកម្មការបានថ្លែងអំណរគុណ និងការកោតសរសើររដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តក្រចេះ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់កិច្ចប្រជុំនេះ។
១២៖ អនុគណៈកម្មការស្វាគមន៍ ចំពោះកិច្ចប្រជុំលើកទី១១នៃអនុគណៈកម្មការសម្របសម្រួល ថ្នាក់ខេត្តដែលនឹងត្រូវរៀបចំឡើងក្នុងប្រទេសឡាវ ក្នុងពេលវេលាសមស្រប៕