ចាប់ខ្លួនថៅកែរកស៊ីឈើដ៏ធំម្នាក់នៅខេត្តព្រៃវេង ក្រោយមិនព្រមចូលខ្លួនបំភ្លឺចំនួន២លើក តាមដីការបស់តុលាការ
08-03-2019 11:30
(ព្រៃវែង)៖ ថោកែរកស៊ីឈើខុសច្បាប់ដ៏ធំម្នាក់នៅស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ក្រោយពីឈ្មួញឈើម្នាក់នេះ មិនព្រមចូលខ្លួនតាមដីរបស់តុលាការ រហូតដល់ចំនួន២លើកមកហើយនោះ។
មន្រ្តីអាវុធហត្ថខេត្តព្រៃវែង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ឈ្មួញឈើ គុយ ហាន ហៅ ហឿនហាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជាថៅកែរកស៊ីលក់ឈើ ត្រូវបានកម្លាំងអាវុធហត្ថស្រុកពារាំង ខេត្តព្រៃវែង ចាប់ឃាត់ខ្លួន តាមដីការឲ្យចូលខ្លួន លេខ ០០៣ អ.យ /១៩ ដោយលោក សូ សុវិទ្យា តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល។
បើតាមមន្រ្តីអាវុធហត្ថ ការចាប់ខ្លួនថៅកែឈើរូបនេះ ដោយសារតែគាត់មានភាពរឹងទទឹង មិនព្រមចូលមកបំភ្លឺ ឬបង្ហាញខ្លួន តាមកាលកំណត់តាមដីការកោះ រហូតដល់ទៅ២លើក។ លើកទី១ ចុះនៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៨ និងលើកទី២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ របស់អយ្យការសាលាដំបូងខេត្តកណ្តាល។
ការឃាត់ខ្លួននេះពាក់ព័ន្ធ និងការដឹកឈើខុសច្បាប់ ហើយបច្ចុប្បន្នកម្លាំងអាវុធហត្ថស្រុកពារាំង កំពុងរៀបចំនីតិវិធីធ្វើការបញ្ជូនបន្តទៅតុលាការចាត់ការបន្តទៀត៕