(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីសំណេះសំណាល និងស្រស់ស្រូបអាហារនៅព្រឹកថ្ងៃនេះ គឺជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មួយចំពោះសុខទុក្ខរបស់អ្នកធាក់ស៊ីក្លូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមូលនិធិស៊ីក្លូ មានសមាជិកសរុប ៣២០នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសប្បុរសជនទាំងអស់ ដែលបានជួយថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិស៊ីក្លូ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនថ្មដា ឧបត្ថម្ភ ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិស៊ីក្លូ ខណៈឧកញ៉ា ទ្រី ភាព ក៏បានជួយ ៥ម៉ឺនដុល្លារផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជួយឧបត្ថម្ភ ៥ពាន់ដុល្លារក្នុងមួយឆ្នាំ និងលោក គុយ ស៊ីដឿន ជួយ៤ពាន់ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតមូលនិធិស៊ីក្លូ គឺជាគោលនយោបាយមួយសម្រាប់ដោះស្រាយបញ្ហាសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងអ្នកធាក់ស៊ីក្លូទទួលបានប្រាក់ឧបត្ថម្ភសរុបប្រមាណជា ៦០០ដុល្លារក្នុងមួយឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកលើកឡើងថា សម្តេចកំពុងធ្វើប្រជាភិថុតិក្នុងរឿងបង្កើតមូលនិធិស៊ីក្លូថា តើធ្វើប្រជាភិថុតិរបៀបណាទៅ? បើតាំងពីក្រោយថ្ងៃរំដោះប្រទេសសម្តេចបានធ្វើការងារដោះស្រាយបញ្ហារបស់សង្គមរហូតមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនាយករដ្ឋមន្ត្រីកើតចេញពីគណបក្សប្រជាជនកម្ពុជា មូលនិធិស៊ីក្លូមិនគួរបាត់បង់នោះទេ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចនឹងពិចារសាងសង់អគារ និងជួយទ្រទ្រង់ដល់អង្គការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់មន្ទីរពេទ្យរដ្ឋទាំងត្រូវពិនិត្យ និងព្យាបាលអ្នកធាក់ស៊ីក្លូដោយឥតគិតថ្លៃ។ បើមានមន្ទីរពេទ្យណាយកលុយសូមរាយការណ៍មកអភិបាលរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង១០៖៥៧នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់របស់ទូរទស្សន៍៕