(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ បានថ្លែងថា លោកបានទុកតួនាទីជាអភិបាលខេត្តនៅដោយឡែក ដោយប្រើប្រាស់តួនាទីតាមឋានានុក្រម ក្រុមគ្រួសារ ជាបង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចុះសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់តែម្តង ដើម្បីខិតកៀកឲ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានថ្លែងនៅសាលាឃុំអូរតាប៉ោង ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ដីធ្លី៥ករណី ដោយបានការចូលរួមពីតំណាងមេធាវីខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀត។
សំណូមពរ បញ្ហាប្រឈម និងទំនាស់ដីធ្លី ទាំង៥ករណីនោះ រួមមាន៖
*ទី១៖ ទំនាស់ដីស្រែក្រោម តំបន់បឹងមមាញ បឹងដៃពង្រ និងតំបន់ទំនប់តាប៉ិច រវាងមេភូមិអន្លង់ក្រាយ និងប្រជាពលរដ្ឋ២២គ្រួសារ
*ទី២៖ ទំនាស់ដីធ្លីរវាងឈ្មោះ ឡេង ចិន និងឈ្មោះ ឈិន ឆុន នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង
*ទី៣៖ ទំនាស់ច្រកចូលផ្ទះ រវាងឈ្មោះ ឆៃ ប៉ាន និងឈ្មោះ ជាម ម៉ើល នៅភូមិព្រៃយាង ឃុំអូរតាប៉ោង
*ទី៤៖ ការរំលោភយកសហគមន៍ផ្គត់ផ្គង់ទឹកស្អាត
*ទី៥៖ ទំនាស់ដីច្រកចូលផ្សារអូរតាប៉ោង ពីខាងលិច រវាងឈ្មោះ សាយ ឈុនឡេង អាជីវករផ្សារ។
រាល់សំណូមពរ បញ្ហាប្រឈម និងទំនាស់ដីធ្លីទាំង៥ករណីខាងលើ លោក ម៉ៅ ធនិន បានយល់ព្រមឯកភាព និងពិនិត្យដោះស្រាយជូន ទៅតាមលទ្ធភាពជាក់ស្តែង។ ដោយឡែក បញ្ហាទំនាស់ដីស្រែក្រោម តំបន់បឹងមមាញ បឹងដៃពង្រ និងតំបន់ទំនប់តាប៉ិច លោកបានចាត់ឲ្យអាជ្ញាធរស្រុក សហការជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ចុះពិនិត្យលទ្ធភាពក្រុមគ្រួសារដែលខ្វះខាត ពិតប្រាកដ ផ្តល់ជូនដីជាក់ស្តែង។
លោកបានបង្ហើបឲ្យដឹងថា «ការយល់យោគ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។ ចំពោះអ្នកជំពាក់លុយគេ ត្រូវសងគេវិញ, អ្នកយកដីគេ ត្រូវឲ្យគេវិញ, បើខ្វះខាតពិតប្រាកដត្រូវសុំគេ និងត្រូវប្រើសម្តីមាស សម្តីពេជ្រ ប្រកបដោយឥរិយាបទថ្លៃថ្នូរ ពីដូនតាបន្សល់មក។
សម្រាប់យន្តការ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុតរបស់លោក ម៉ៅ ធនិន បានធ្វើឲ្យប្រជាពលរដ្ឋ និងភាគីទំនាស់ ពេញចិត្ត និងយល់ស្របទទួលទាំងអស់គ្នា។ ក្នុងនោះតំណាងប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ដោយមិនគិតពីការនឿយហត់ ក្នុងចំណាត់ការដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាទំនាស់ផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយតាមឋានានុក្រមក្រុមគ្រួសារខាងលើ លោក ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់រួមមាននំប៉័ងសាច់ និងទឹកសុទ្ធ សម្រាប់ពិសាជួបជុំគ្នា ក្នុងស្មារតីស្និតស្នាល ព្រមទាំងបានផ្តល់ជូនស្អានបាឡេ ៥កន្លែង ជូនប្រជាពលរដ្ឋ ក្នុងឃុំអូរតាប៉ោង និងបានសម្របសម្រួលដោះស្រាយបណ្តឹងទាក់ទងនឹងការស្អុយលាមកទា, ទំនាស់កូនប្រសារប្រុស ជាមួយម្តាយក្មេង ឳពុកក្មេក, ករណីស្នើសុំដី...ផងដែរ៕