(សៀមរាប)៖ សមាគមអ្នកសាងសង់កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី៤៧ របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធអ្នកសាងសង់អាស៊ាន ដោយមានការចូញលរួមពី សមាគមអ្នកសាងសង់មកពី៨ប្រទេសរួមមាន៖ សមាគមអ្នកសាងសង់កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃឡង់ដ៏, វៀតណាម និងមីយ៉ាន់ម៉ា។
សហព័ន្ធអ្នកសាងសង់អាស៊ាន តែងតែរៀបចំកិច្ចប្រជុំនេះឡើងជារៀងរាល់ឆ្នាំ ហើយផ្លាស់ប្តូរទីកន្លែងប្រជុំដោយវិលជុំតាមបណ្តាប្រទេសនីមួយៗ ជាសមាជិករបស់សហព័ន្ធ។
កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការបូកសរុប សកម្មភាពការងាររបស់សហព័ន្ធស្វែងយល់ និងពិនិត្យរបាយការណ៍ពីវិស័យសំណង់ដូចជា៖ ការអភិវឌ្ឍន៍, ការវិនិយោគ, សក្តានុពលផ្សេងៗ, តម្រូវការ និងការផ្គត់ផ្គង់ព្រមទាំងតម្លៃរបស់សម្ភារៈបរិក្ខារឧបករណ៍គ្រឿងចក្រ និងបច្ចេកវិទ្យាសំណង់តាមបណ្តាប្រទេសនីមួយៗ មិនតែប៉ុណ្ណេះក៏មានការពិភាក្សាលើតម្លៃពលកម្ម ជំនាញបច្ចេកទេសរបស់កម្មករ និងបុគ្គលិកសំណង់ទៀតផង។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធអ្នកសាងសង់អាស៊ាន ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា នៅកម្ពុជានេះគឺបានរៀបចំឡើងជាលើកទី២ហើយ។
លោកបន្ដថា មិនតែប៉ុណ្ណោះសមាគមអ្នកសាងសង់កម្ពុជា ក៏បានត្រៀមខ្លួនជាបន្តទៀត ដើម្បីរៀបចំកិច្ចប្រជុំរបស់សហព័ន្ធអន្តរជាតិនៃ សមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិចហៅកាត់ថា (IFAWPCA)សហព័ន្ធនេះមានសមាជិក១៩ប្រទេស រួមមាន៖ កម្ពុជា, បង់ក្លាដេស, ឥណ្ឌា, កូរ៉េ, នេប៉ាល់, ហុងកុង, ឥណ្ឌូនេស៊ី, ម៉ាល់ឌីវ, អូស្ត្រាលី, ម៉ាឡេស៊ី, ស្រីលង្កា, នីវហ្សេលេន, ជប៉ុន, ហ្វីលីពីន, សឹង្ហបុរី, ម៉ុងហ្គាលី, ថៃឡង់ដ៏, តៃវ៉ាន់, និងប៊ូតាន់។
លោកបញ្ជាក់ថា សមាគមអ្នកសាងសង់កម្ពុជា ជាសមាគមក្នុងវិស័យឯកជន និងមានការជួយជំរុញ និងគាំទ្រពីរាជរដ្ឋាភិបាល បានធ្វើឱ្យសមាគមមានកិច្ចការសហប្រតិបត្តិការ យ៉ាងធំទូលំទូលាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើឱ្យសកម្មភាពរបស់សមាគមមានការរីកចំរើនយ៉ាងល្អប្រសើរឡើងៗ។
លោកឲ្យដឹងទៀតថា រហូតមកដល់ពេលនេះសមាគមមាន សមាជិកចំនួន១៦៤ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុន ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គីសនី ទឹក ម៉ាស៊ីនត្រជាក់ កាមេរ៉ាសុវត្ថិភាព ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនធ្វើពិសោធន៍ដី ក្រុមហ៊ុនធ្វើសសរគ្រឹះ និងគ្រឹះ ក្រុមហ៊ុនសេវាកម្ម និងលក់អចលនទ្រព្យ មានលំនៅឋាន ដីធ្លី និងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់ ជាច្រើនផ្សេងៗទៀត។ ក្រុមហ៊ុនទាំងអស់នេះសុទ្ធសឹងតែបានចុះបញ្ជីយ៉ាងត្រឹមត្រូវ នៅស្ថាប័នមានសមត្ថកិច្ច៕