(ស្ទឹងត្រែង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ត្រូវការពារឲ្យបានជាដាច់ខាត នូវសុខសន្ដិភាព ដែលមានសព្វថ្ងៃនេះ បន្ទាប់រកបានដោយលំបាក និងពោរពេញជាមួយការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន។
សារក្រើនរំលឹករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថ កងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៅក្នុងយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង និងដើម្បីត្រៀមទទួលអបអរសាទរ ក្នុងឱកាសបុណ្យចូលថ្មី ប្រពៃណីជាតិខាងមុខ នាវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
ដំណើរឆ្ពោះទៅកាន់យោធភូមិភាគទី១ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នោះទៀតក៏មានការអមដំណើរ ដោយគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ អភិបាលខេត្តស្ទឹងត្រែង ក្រោមកិច្ចស្វាគមន៍ ពីមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង, លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨, លោកឧត្តមសេនីយ៍ទោ មៀច សាមុត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការជុំវិញខេត្ត ជាច្រើនរយនាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកប ដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
ប្រមុខការពារជាតិរូបនេះ ក៏បានសំណូមពរដល់សមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធរ ពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្ក លក្ខណៈងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕