(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កត់ជាច្រើនរូបទៀត។
ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា «ក្នុងនាមរាជរដ្ឋភិបាល ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដោយមានការប្តេជ្ញាចិត្តចូលរួមពីមន្ទីរ អង្គភាពជំនាញនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់កងកម្លាំងមានសមត្ថកិច្ច ប្រជាពលរដ្ឋនៃខេត្តព្រះវិហារ ទាំងមូល ដែលបានខិតខំរួមគ្នាសម្រេច បាននូវសមិទ្ធិផលលើគ្រប់វិសយ័ទូទាំងខេត្ត»។
លោក មាស សុភា បានបន្តទៀតថា ឆ្នាំ២០១៩នេះជាឆ្នាំដំបូង នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនិងនេះ ចាប់តាំងពីក្រោយការបោះឆ្នោត ថ្នាក់ជាតិលើកទី៦ រហូតមកដល់ពេលនេះ សភាពការណ៍ទូទៅរបស់ប្រទេសជាតិ មានលក្ខណៈអំណោយផលជាងពេលណាៗទាំងអស់។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោកសូមណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរអង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ទាំងមូលត្រូវខិតខំរួមគ្នាសម្រេចឲ្យបាន ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ អំពីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អំពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ អំពីការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានអំពីគ្រោះរាំងស្ងួត និងពង្រឹងរបៀបរបបការងារ។
លោក ងី ចាន់ផល បានប្រកាសសមាសភាពថ្មីរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលខេត្តព្រះវិហារ សម្រាប់អាណត្តិថ្មីរបស់រាជរដ្ឋាភិបាលអណត្តិទី៦ផងដែរ។ ក្នុងនោះលោកទេសរដ្ឋមន្ត្រី មាស សុភា នៅតែជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារដ៏ដែល។
លោក អ៊ុន ចាន់ដា បានថ្លែងថា សន្និបាតរបស់រដ្ឋបាលខេត្តព្រះវិហាររយៈពេល២ថ្ងៃនេះ គឺបានផ្សព្វផ្សាយអនុសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ក្នុងដំណើរការបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានធ្វើការសំណូមពរ សុំរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង សម្រាប់ផ្តល់ជូនក្រុងព្រះវិហារ និងស្រុកសង្គមថ្មី ស្នើសុំជួយឧបត្ថម្ភគាំទ្រផ្តល់នូវអគារប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ចំនួន៤៨ ស្នើសុំផ្តល់ក្របខ័ណ្ឌមន្ត្រីរាជការបន្ថែមដល់សាលាខេត្ត ក្រុង ស្រុក ស្មៀន និងនគរបាលប៉ុស្តិ៍រដ្ឋបាល ក៏ដូចជា ស្នើសុំបើកវគ្គបណ្តុះបណ្តាលកម្រិតជំនាញ ដល់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕