(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលអាងទឹក និងទំនប់ទឹកនានានៅតាមភូមិស្ថានមួយចំនួន នាមូលដ្ឋានស្រុកព្រៃនប់ និងតំបន់ក្បាលឆាយ ដើម្បីប៉ាន់ប្រមាណពីតម្រូវការទឹកប្រើប្រាស់របស់ប្រជាជន និងត្រៀមលៃលករកដំណោះស្រាយជាក់ស្តែង ចាំបាច់ជូនប្រជាជន។

ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ បានរំលឹកប្រជាពលរដ្ឋ និងមន្ត្រីជាប់ពាក់ព័ន្ធទាំងឡាយ ត្រូវប្រុងប្រយ័ត្ន និងត្រៀមរក្សាប្រភពទឹក ឬជីកស្រះយកទឹកប្រើប្រាស់បានសមស្រប ខណៈរដ្ឋាភិបាលព្រមានថា រដូវប្រាំងឆ្នាំនេះបានអូសបន្លាយវែង ហើយមិនមានភ្លៀងកក់ខែ។

ការចុះមើលអាងទឹក ស្រះទឹកតាមភូមិប្រជាជននេះ បានធ្វើឡើងបន្ទាប់ពីលោកអភិបាល ចុះមើលការប្រមូលផលបង្គា ក្តាម នៅអាងវារីវប្បកម្មរបស់ក្រុមហ៊ុនហេងហេងអភិវឌ្ឃន៍ នៅឃុំបឹងតាព្រហ្ម កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ លោកក៏បានរំលឹកដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធទាំងឡាយ ត្រូវរួមគ្នាគិតគូរអំពីបញ្ហាទឹកទឹកសម្រាប់ប្រើប្រាស់់ ស្រោចស្រពដំណាំកសិកម្ម រួមផ្សំរបស់ប្រជាកសិករ នៅតាមមូលដ្ឋានដោយស្នើឲ្យអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋផងដែរ ឲ្យចាប់អារម្មណ៍នឹងការថែរក្សាប្រភពទឹក និងលៃលករកទីតាំងណាមួយសមរម្យ ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីជីកស្រះយកទឹក។ ដោយឡែក តំបន់ដែលមានអាងទឹកធម្មជាតិគួរលើកជាទំនប់ទឹក ប្រសិនជាអាចធ្វើបានដើម្បីរក្សាទឹក ទុកប្រើប្រាស់ផ្សេងៗ នៅក្នុងភូមិឋានរបស់ ប្រជាជន។

បន្ថែមលើការរំលឹកអំពីរការរក្សាទឹកទុកប្រើប្រាស់, អភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តប្រជាកសិករ ឲ្យងាកមកចាប់អារម្មណ៍ការចិញ្ចឹមក្តាម បង្គា តាមលក្ខណៈបច្ចេកទេសកសិកម្មទំនើបនិងការប្រកបដំណាំដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ឲ្យបានផុលផុសសម្រាប់បំពេញតម្រូវការ លើទីផ្សារក្នុងស្រុកជាពិសេស គឺនៅក្រុងព្រះសីហនុតែម្តង ដែលកំពុងត្រូវការយ៉ាងច្រើនសន្ធឹក ហើយរាល់ថ្ងៃនេះភាគច្រើនលើសលប់ គឺត្រូវបាននាំចូលពីតំបន់ដៃក្នុងការផ្គត់ផ្គង់៕