(ភ្នំពេញ)៖ ពីមួយសម័យកាលទៅមួយសម័យកាល ស្រ្តីតែងតែត្រូវបានគេចាត់ទុកថា ជាភេទមួយគ្រាន់តែទទួលបន្ទុកកិច្ចការផ្ទះ ដូចជាត្រូវមើលថែរក្សាកូនចៅ ធ្វើម្ហូបអាហារសម្រាប់ប្ដី និងក្រុមគ្រួសារទាំងមូល។ ហេតុតែកិច្ចការងារផ្ទះមានច្រើនស្កេកស្កះ ធ្វើមិនចេះចប់ ទើបមានពាក្យចាស់ពោលថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ពាក្យនេះចង់បញ្ជាក់ថា កើតជាស្រ្តីមិនអាចធ្វើកិច្ចការងាររកចំណូលអ្វីផ្សេង ក្រៅពីកាងារក្នុងផ្ទះឡើយ។ មិនតែប៉ុណ្ណោះអាណាព្យាបាលក្នុងសង្គមខ្មែរពីមុន មិនបានផ្ដល់ឱកាសដល់កូនស្រីឲ្យបានសិក្សាខ្ពង់ខ្ពស់នោះឡើយ ក្រោមហេតុផលថា រៀនចប់ដល់ណាក៏គង់តែមកធ្វើជាប្រពន្ធគេ ត្រូវនៅផ្ទះមើលថែកូន និងក្រុមគ្រួសារដដែល។
ប៉ុន្តែមកដល់សតវត្សរ៍ទី២១ សម័យសម្ដេចតេជោ អ្វីៗត្រូវបានផ្លាស់ប្ដូរហើយ។ រាជរដ្ខាភិបាលបានជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះស្រ្តី ទាំងការសិក្សា និងការងារ។ ចំពោះស្រ្តីផ្ទាល់ក៏មិនដូចពីមុនដែរ នាងតែងតែព្យាយាមសិក្សារៀនសូត្រ ដើម្បីចាប់យកឱកាសការងារល្អៗ ដែលសង្គមកំពុងបើកឱកាសឲ្យ។មានការងារមួយចំនួនដែលកម្រឃើញស្រ្តីចាប់អារម្មណ៍ធ្វើ ហើយក៏មិនសូវមានការលើកទឹកចិត្តក្ដី តែក្ដីស្រលាញ់បានជំរុញឲ្យស្ត្រីខ្មែរប្រឹងប្រែងពុះពារបំពេញការងារនោះដោយល្អប្រសើរមិនចាញ់បុរសនោះឡើយ។
តួយ៉ាងអ្នកស្រី ទុយ ធីតា ជាអនុសេនីយ៍ឯក ប្រចាំការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ពាក្យថាស្រ្តីវិលចង្រ្កានមិនជុំ មិនមានឥទ្ធពលលើអ្នកស្រីឡើយ។ ស្រ្តីវ័យ៣១ឆ្នាំរូបនេះ បានប្រឡងចូលបម្រើការងារ ជានគរបាលចរាចរណ៍ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ។ អស់រយៈពេល៩ឆ្នាំនៃការងារ អ្នកស្រីមិនដែលត្អូញថាហត់នឿយ ឬចង់បោះបង់ចោលការងារម្ដងណាឡើយ។ បើទោះជាការងារនេះត្រូវឈរតាមផ្លូវសម្រួលចរាចរណ៍ ក្រោមកម្ដៅថ្ងៃរាប់ម៉ោងក្ដី និងត្រូវមានធុរៈមមាញឹកក្នុងតួនាទីជាភរិយា និងជាម្ដាយរបស់កុមារ២រូបថែមទៀត។ តើអ្វីជាមូលហេតុដែលអ្នកស្រីព្យាយាមបំពេញការងារមួយនេះ?
«នារីសម័យនេះត្រូវតែចូលរួមឲ្យបានច្រើន ក្នុងការងារសង្គម ចូលរួមអភិវឌ្ឍន៍មិនថាការងារជាកងកម្លាំង ជាមន្រ្តីស៊ីវិល ជាការងាររោងចក្រ ឬការងារផ្សេងនោះទេ។ គាត់គួរតែចេញមកដើម្បីរកថវិកាដូចបុរសដែរ មិនដូចកាលពីសម័យមុនពាក្យចាស់ថា «ស្រ្តីបង្វិលចង្ក្រានមិនជុំ» តែលែងមានហើយពាក្យនេះនៅសម័យបច្ចុប្បន្ន។ ព្រោះថាស្រ្តីនៅសម័យឥលូវរដ្ឋាភិបាល គាត់បានលើកតម្កើងខ្ពស់ណាស់ ដោយស្រ្តីដើរទន្ទឹមនិងបុរស ហើយជាដៃឆ្វេង ដៃស្ដាំរបស់បុរស។ អីចឹងកន្លែងណាក៏មិនអានអត់មាននារីបានដែរ ព្រោះថានារីជាចំណែកមួយក្នុងការងាររបស់បុរស ទោះមិនបានជួយអ្វីធំដុំ ក៏ជាចំណែកមួយ ហើយបញ្ហាខ្លះ នារីក៏អាចគិតដោះស្រាយបានលឿនជាងបុរស»។ នេះការបញ្ជាក់របស់អ្នកស្រី ទុយ ធីតា។
ការងារដែលស្ថិតនៅក្រោមកម្ដៅថ្ងៃដើម្បីសម្រួលចរាចរណ៍នេះ ត្បិតតែមិនសូវមានអ្នកចាប់អារម្មណ៍ ឬគិតថាពិបាកសម្រាប់ស្រ្តីមែន តែចំពោះអនុសេនីយ៍ឯក ទុយ ធីតា បានមើលឃើញថា ជាឱកាសសម្រាប់អ្នកស្រីទៅវិញ។ ជាឱកាសព្រោះការងារមួយនេះ មិនត្រឹមតែអាចស្វែងរកចំណូលបន្ថែមដល់ក្រុមគ្រួសារនោះទេ តែអ្នកស្រីបានធ្វើឲ្យក្រុមគ្រូសារទាំងមូលមានមោទកភាពលើអ្នកស្រីថែមទៀត។
អ្នកស្រី ទុយ ធីតា បានរៀបរាប់ថា «គ្រួសាររបស់ខ្ញុំគាត់ថា ពេលដែលគេសួរគាត់ថាប្រពន្ធរបស់គាត់ធ្វើអី? ហើយគាត់ប្រាប់គេថាខ្ញុំធ្វើប៉ូលីស មិត្តភ័ក្តគាត់ក៏លាន់មាត់ថា «អ៊ូឡូយណាស់ណ៎» សម្រាប់ខ្ញុំនិងគ្រួសារមានអារម្មណ៍បច្ចុប្បន្ន គេឲ្យតម្លៃលើការងារខ្ញុំច្រើនជាងមុន។ នារីមួយចំនួនគាត់ផ្នែកស៊ីវិលឃើញថាគេមិនសូវចាប់អារម្មណ៍ទេ តែដល់ពេលដែលយើងជាកងកម្លាំង លើកឯកសណ្ឋានម្ដងៗ គឺមានការចាប់អារម្មណ៍ច្រើន។ ឯកូនរបស់ខ្ញុំគាត់ពេញចិត្ត រាល់ពេលដែលខ្ញុំស្លៀកពាក់ឯកសណ្ឋានកូនរបស់ខ្ញុំតែងតែនិយាយថា »ម៉ាក់ៗឡូយណាស់»។ នារីសម័យនេះអត់មានបុរសក៏អត់បញ្ហាដែរ ព្រោះយើងមានសមត្ថភាពក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដោយខ្លួនយើងបាន»។
អ្នកស្រី ទុយ ធីតា បានឲ្យដឹងថា បច្ចុប្បន្នចំនួននគរបាលចរាចរណ៍នៅការិយាល័យអ្នកស្រីមានការកើនឡើងជាងមុន ដោយមានស្រ្តីប្រមាណ៣០ ទៅ៤០ភាគរយនៃកងកម្លាំងសរុបនៃការិយាល័យ។ ជាងនេះទៅទៀតកម្លាំងសម្រួលចរាចរណ៍នារីត្រូវបានថ្នាក់ដឹកនាំលើកទឹកចិត្ត និងយកចិត្តទុកដាក់ខ្លាំងថែមទៀតផង។ ការយកចិត្តទុក្ខដាក់រាប់តាំងពីមានជំងឺឈឺថ្កាត់ រហូតដល់ការសម្រាលបុត្រ រួមទាំងឱកាសពិធីបុណ្យសំខាន់ៗផងដែរ។
ទោះការងារជានគរបាលចរាចរណ៍មានបញ្ហាប្រឈមខ្លះជាមួយកម្ដៅថ្ងៃសម្រាប់នារី តែក៏មានការលើកទឹកចិត្តពីសង្គម និងក្រុមគ្រួសារភាគច្រើនផងដែរ។ រីឯការងារមួយទៀត ដែលនារីតិចណាស់ប្រាថ្នាចង់ធ្វើ នោះគឺអាជីពជាកីឡាប្រដាល់។ កីឡាប្រដាល់ទោះមិនស្ថិតនៅក្រោមកម្ដៅថ្ងៃច្រើនមែន តែអាជីពមួយនេះប្រឈមទៅនឹងមុខរបួសក្នុងការហាត់សម ក៏ដូចជាការប្រកួត។ ពេលខ្លះត្រូវរងរបួសបែកមុខបែកមាត់ ហើយត្រូវហាត់សមជាប្រចាំរហូតមានសាច់ដុំដៃជើង ដែលនារីភាគច្រើនមិនប្រាថ្នាចង់បានឡើយ។
ទោះជាការងារនេះមានការប្រឈមច្រើន ហើយកម្រមានក្រុមគ្រួសារណាដាច់ចិត្តឲ្យកូនស្រីទៅចាប់អាជីពនេះក៏ពិតមែន តែកញ្ញា នៅ ស្រីពៅ ដែលជាកូនទី៦ក្នុងចំណោមបងប្អូន៧នាក់ នៅតែពុះពារចាប់អាជីពមួយនេះរហូតទទួលបានជោគជ័យ ហើយបានលើកស្ទួយដល់ជីវភាពភាពគ្រួសារ។ ស្ថិតនៅក្នុងវ័យ២២ឆ្នាំ ជាវ័យដែលកំពុងពេញសម្រស់ ហើយស្រ្តីភាគច្រើនព្យាយាមថ្នាក់ថ្នមខ្លួននោះ បែរជាស្រីពៅ បានឡើងប្រកួតប្រដាល់រហូតដល់ ៥៥ដង ក្នុងរយៈពេល ៦ឆ្នាំបាត់ទៅហើយ។
កញ្ញា នៅ ស្រីពៅ បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃមួយខ្ញុំបានទៅមើលបងប្រុសខ្ញុំគាត់ហាត់ប្រដាល់ ពេលនោះប៉ារបស់ខ្ញុំបានសួរថាចង់ហាត់ឬទេ? ខ្ញុំថាចាំមើលសិន ក្រោយពីបានមើលវីដេអូ កីឡាប្រដាល់នារីនៅប្រទេសគេហើយខ្ញុំក៏ចង់ចូលហាត់ប្រដាល់ដែរ។ ចូលហាត់ដំបូងពិបាកណាស់បង គេថាខ្លួនជាស្រីមកចូលហាត់ប្រដាល់គេមិនទទួលស្គាល់តែ ទោះលំបាកយ៉ាងណាក៏ខ្ញុំខំប្រឹងពុះពារមកដល់សព្វថ្ងៃ។ ប៉ាខ្ញុំគាំទ្រតែម៉ាក់មិនគាំទ្រទេ។ ម៉ាក់គាត់គិតដូចគេអីចឹងថាយើងជាស្រីអត់អាចចូលហាត់ប្រដាល់បាននោះទេ តែខ្ញុំនៅតែព្យាយាមសូមគាត់រហូតដល់រយៈពេល២ ៣ខែទើបគាត់ឲ្យចូល»។
ក្រោយពីជម្នះចិត្តអ្នកម្ដាយ យល់ព្រមឲ្យចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់រយៈពេលពេល៦ឆ្នាំមក កញ្ញា នៅ ស្រីពៅ មិនបានធ្វើឲ្យក្រុមគ្រួសារអស់សង្ឃឹមឡើយ។ ពាក្យដែលសង្គមមួយចំនួនលើកឡើងថាស្ត្រីវ័យ២២ឆ្នាំរូបនេះមិនអាចក្លាយជាកីឡាការិនីល្បីបាននោះ ក៏លែងមានទៀតដែរ។ ពោលបច្ចុប្បនុ្នក្រោយការប្រកួតទាំង៥៥លើក ស្រីពីបានយកឈ្នះគូប្រកួតរហូតដល់ ៤២ដង ចាញ់ ៩ដង និងស្មើ៤ប្រកួតប៉ុណ្ណោះ។ មិនទាន់អស់ឡើយស្រីពៅក៏បានចូលប្រកួតក្នុងឆាកអន្តរជាតិ ដើម្បីបង្ហាញមុខមាត់កម្ពុជា ព្រមទាំងដណ្ដើមយកមេដាយ២គ្រឿង ព្រមទាំងខ្សែក្រវ៉ាត់១ថែមទៀត។
ដោយទទួលបានលទ្ធផលល្អប្រសើពីអាជីពរបស់ខ្លួន ដែលស្ទើតែគ្មានអ្នកលើកទឹកចិត្តឲ្យចូលប្រឡូកនោះ កញ្ញា នៅ ស្រីពៅ ក៏មានការលើកទឹកចិត្តដល់ស្រ្តីដែលចង់ចូលប្រឡូកក្នុងវស័យកីឡាថា «ខ្ញុំជឿថាស្រ្តីអាចធ្វើបានបងឲ្យតែយើងតាំងចិត្តធ្វើអ្វីមួយឲ្យតែយើងស្រលាញ់គឺធ្វើបានដូចគ្នា។ តែចំពោះខាងចាស់ៗ គ្រួសារ និងសង្គមគេជាដើមតែងតែហាមឃាត់ តែសម្រាប់ខ្ញុំយល់ថាឲ្យតែយើងស្រលាញ់ពិតប្រាកដសូមគាត់យូរៗទៅគាត់ពិតជាអនុញ្ញាតមិនខាន»។
បើទោះជាក្រុមគ្រួសារភាគច្រើនមិនលើកទឹកចិត្តឲ្យកូនស្រីចាប់អាជីពជាកីឡាប្រដាល់ក្ដី តែនៅពេលប្រកួតអ្នកប្រដាល់ស្រ្តីហាក់ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ព្រមទាំងទទួលបានការកោតសសើរជាច្រើន។ ផ្ទុយពីអាជីពជាកីឡាប្រដាល់ ការងារមួយប្រភេទទៀតហាក់មិនទទួលបានការផ្ដល់តម្លៃនោះឡើយ មិនតែប៉ុណ្ណោះក៏មានការរើសអើងមិនចង់យកមកធ្វើជាប្រពន្ធ ឬកូនប្រសារជាដើម នោះគឺអ្នកបម្រើភេសជ្ជៈ ឬស្រាបៀតាមហាង។
០៨គឺជាឈ្មោះសម្គាល់របស់មេការ ឬអ្នកគ្រប់គ្រងហាងមួយរូប ដែលបានវិវឌ្ឍន៍ពបុគ្គលិកបម្រើភេសជ្ជៈ និងអង្គុយកំដរភ្ញៀវផងដែរ។ រយៈពេល៦ឆ្នាំអ្នកនាងបានវិវត្តន៍ខ្លួនពីនារីបម្រើស្រាបៀ ហើយក្លាយជាមេការប្រចាំហាង។ ក្រោយប្រឡូកក្នុងការងារនេះអ្នកនាងដឹងយ៉ាងច្បាស់ពីផល់វិបាកនៃការងារ ព្រមជាមួយការរើសអើងពីសង្គម។ ហេតុនេះហើយទើបនារីដែលមានភាពរួសរាយរូបនេះសូមសង្គមកុំមានការរើសអើង លើនារីដែលបំពេញការងារនេះ។
«អ្នកខ្លះគេមើលមកថាអ្នកធ្វើការហាង ឬស្រីធ្វើការហាងអនាគតយកធ្វើប្រពន្ធមិនល្អ កេរ៍ខ្មាស កិត្តិយស ជាដើម។ ប៉ុន្តែវាមិនមែនទេបងមិនថាអ្នកធ្វើការហាង ឬអ្នកធ្វើការងារអ្វីទេ សុទ្ធតែមានកិត្តិយសទាំងអស់។ កិត្តិយសគឺស្មើៗគ្នា អ្វីដែលសំខាន់គឺលើខ្លួនយើងទេ បើខ្លួនយើងធ្វើឲ្យថោក ឬអាក្រក់គឺខ្លួនយើង។ មិនថាអ្នកក្នុងសង្គមគេយល់យ៉ាងណាទេ សំខាន់ពួកខ្ញុំមានកិត្តិយសរបស់ពួកខ្ញុំ ព្រោះមនុស្សគ្រប់រូបសុទ្ធតែមានកិត្តិយសដូចគ្នា។ សំខាន់ពួកខ្ញុំល្អពួកខ្ញុំមិនបានទៅប្រព្រឹត្តិអំពើអាក្រក់ ហើយមានតែមួយចំនូនតូចប៉ុណ្ណោះដែលមិនបានផ្ដល់តម្លៃឲ្យខ្លួនឯង»។ នេះជាការបញ្ជាក់របស់មេការ ០៨។
ដោយបម្រើការងារនៅក្នុងវិស័យដែលអ្នកក្នុងសង្គមភាគច្រើនមិនសូវឲ្យតម្លៃ អ្នកនាង០៨ បានឲ្យដឹងថា នារីបម្រើស្រាបៀតាមហាងភាគច្រើនរួមទាំងអ្នកនាងផង មិនបានរៀនសូត្របានខ្ពង់ខ្ពស់នោះទេ។ រំលឹកដល់រឿងនេះ អ្នកនាងរៀងប្ដូរសំឡេងបន្តិចហើយបានឲ្យដឹងថា បើសិនជាមានឱកាសអ្នកនាង ក៏ដូចជានារីបម្រើការងារនេះផ្សេងទៀតគឺមិនចង់ធ្វើការងារនេះឡើយ។
នារីដែលបានពុះពារពីដំណាក់កាលដ៏លំបាករហូតក្លាយជាមេការក្នុងហាងនេះ បានបន្ថែមថា «បើសិនជាអាចរើសបានខ្ញុំចង់ធ្វើជាប៉ូលីស តែដោយសារតែខ្ញុំមិនបានរៀនចប់ថ្នាក់ទី១២ ទើបខ្ញុំមមិនអាចប្រឡងធ្វើជាប៉ូលីសបាន។ សម្រាប់នារីបម្រើការងារនៅហាងរបស់ខ្ញុំក៏សុទ្ធតែបានសិក្សាបានតិចដូចគ្នា តែនៅពេលដែលគ្រួសារខ្វះខាតក៏រៀនមិនចេះដោយសារតែចិត្តគិតពីគ្រួសារ ហើយចិត្តមួយទៀតគិតដល់គ្រួសារខ្លាចដល់ពេលដែលខ្លួនឯងរៀនធ្វើឲ្យគ្រួសារលំបាកក្នុងការរកលុយឲ្យរៀន»។
ពិតណាស់តួនាទីរបស់ស្រ្តីគឺពិតជាសំខាន់គ្រប់សង្គមទាំងអស់។ ស្រ្តីមិនត្រឹមតែជាមេផ្ទះ តែស្រ្តីក៏ជាអ្នកជួយស្វែងរកចំណូលដល់គ្រួសារទាំងមូលនាទស្សវត្សរ៍ថ្មីនេះ។ ហេតុដូច្នេះហើយបានជាក្រសួងកិច្ចការនារីនៅតែបន្តកិច្ចការក្នុងការជម្រុញ និងលើកកម្ពស់សិទ្ធិស្ត្រី ដើម្បីឲ្យស្រ្តីទទួលបានឱកាសបន្ថែម ជាពិសេសឱកាសដំបូងគេបំផុតពីក្រុមគ្រួសារ។
នៅពេលដែលយើងធ្វើការពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថាមានការប្រែប្រួល គ្រាន់តែថាបើយើងមើលទៅលើលទ្ធផលឥលូវនេះដូចជាមិនល្អ ឬនៅមានកម្រិត តែបើធៀបពីរយៈពេលកន្លងមកយើងឃើញថា ខុសគ្នាច្រើន។ អ្វីដែលឃើញថាប្រែប្រួលខ្លាំងនោះគឺ ស្រទាប់យុវវ័យ ក៏ដូចជាឪពុកម្ដាយដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជនមានការផ្លាស់ប្ដូរមួយចំនួន។ តែបើយើងចូលទៅតំបន់ដាច់ស្រយ៉ាលបញ្ហានេះនៅតែកើតមាននៅឡើយ ដោយមិនអាចប្រហែសបានទេ។
លោកស្រីអនុរដ្ឋលេខានៃក្រសួងកិច្ចការនារី បានបន្ថែមថាប្រសិនជាឱពុកម្ដាយផ្ដល់ឱកាសឲ្យកូនស្រី សិក្សាបានខ្ពស់ដូចជាកូនប្រុសដែរ នោះស្ត្រីក៏មានឱកាសទទួលបានការងារល្អៗ និងជួយសម្រួលដល់ជីវភាពគ្រួសារ ហើយក៏ជាចំណែកធ្វើឲ្យសង្គមមានការរីកចម្រើនថែមទៀត។
យ៉ាងណាមិញបើទោះជានារីមួយចំនួនមិនសិក្សាបានខ្ពង់ខ្ពស់តែ ស្រ្តីទាំងនោះក៏តែងតែព្យាយាមប្រកបរបរចិញ្ចឹមជីវិតបន្ថែមដោយមិនពឹងផ្អែកលើស្វាមីទាំងស្រុងឡើយនៅពេលបច្ចុប្បន្ន។ ចំណែកឯរដ្ឋាភិបាលក្រៅពីមានគោលនយោបាយលើកម្ពស់ដល់សិទ្ធិ និងឱកាសការងារដល់ស្រ្តីជាច្រើនហើយក្ដី តែថ្មីៗនេះសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយដល់ស្រ្តីរងគ្រោះ ឬទីទាល់ក្រដោយឥតគិតថ្លៃ។ ក្នុងន័យធ្វើយ៉ាងណាជួយសម្រួលដល់ស្ដ្រីមានវិបត្តិឲ្យបានកាន់តែឆាប់រហ័រ និងងាយស្រួល៕