(ត្បូងឃ្មុំ)៖ ម្ចាស់អាជីវកម្មអនាម័យនៅ​ស្រុកមេមត់ អ្នកស្រី ភួង បូផា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០១៩នេះ បានសំណូមពរឲ្យលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ជួយរកយុត្តិធម៌ ខណៈលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ បានដកហូតអាជីវកម្មអនាម័យរបស់គាត់ ដោយអយុត្តិធម៌​។

អ្នកស្រី ភួង បូផា បានឲ្យដឹងថា គាត់បានទទួលសិទ្ធិធ្វើអាជីវកម្មអនាម័យ នៅស្រុកមេមត់ តាំងពីឆ្នាំ​២០១២​មកម្ល៉េះ ប៉ុន្តែរហូតមកដល់​ខែមករា ឆ្នាំ​២០១៩ ស្រាប់តែមានម្ចាស់អាជីវកម្មអនាម័យថ្មី បានធ្វើការប្រមូលសំរាមនៅទីប្រជុំជនស្រុកមេមត់ដែរ ខណៈ​អ្នកស្រីកំពុងតែទទួលសិទ្ធិបន្ត ធ្វើអាជីវកម្មពីប្រធានមន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ។

អ្នកស្រី ភួង បូផា បានបន្តថា អ្នកស្រីមិនបានដឹងថា តើលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ បានដកហូតអាជីវកម្មពីអ្នកស្រី ​ក្នុងកំហុសអ្វីនោះទេ? ស្រាប់តែនៅដើមឆ្នាំ​២០១៩​នេះ គាត់បានប្រគល់សិទ្ធិឲ្យម្ចាស់អាជីវកម្មថ្មី ធ្វើការប្រមូលសំរាមនៅក្នុងស្រុកមេមត់ទៅវិញ។

ទាក់ទិនទៅនឹងករណីដកអាជីវកម្មអនាម័យពីអ្នកស្រី ភួង បូផានេះ, លោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ បានឲ្យដឹង​ថា មូលហេតុដែលនាំទៅដល់ការ ដកអាជីវកម្មនេះ គឺបណ្ដាលមកពីម្ចាស់អាជីវកម្មចាស់ មិនបានអនុវត្តទៅតាមកិច្ចសន្យា ​ពោល​ការប្រមូលសំរាមមិនបានទាន់ពេលវេលា ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន នៃទីប្រ​ជុំជនស្រុកមេមត់ ដូច្នេះទើបលោក​ដកអាជីវកម្មពីអ្នកស្រី ភួង បូផា ប្រ​គល់ទៅឲ្យអ្នកផ្សេងធ្វើអាជីវក​ម្មវិញ។

អ្នកស្រី ភួង បូផា បានបន្ថែមថា ការដកហូតអាជីវកម្មពីអ្នកស្រីនេះ គឺលោកអភិបាលស្រុកមេមត់ មិនដែលធ្វើលិខិតជូនដំណឹង ឬក៏ណែនាំ​ម្ដងណាឡើយ ​ស្រាប់តែនៅដើមឆ្នាំ​២០១៩​នេះ ​ដកហូតអាជីវកម្មពីអ្នកស្រីដោយពុំមានមូលហេតុច្បាស់​លាស់​។ បើតាមអ្នកស្រី ការធ្វើអាជីវកម្មតាំងពីឆ្នាំ​២០១២ គឺពិតប្រាកដ​ពេល នោះផ្លូវមានការលំបាក ហើយកាលណោះអ្នកស្រីប្រើរថយន្តកែច្នៃ ដើម្បីធ្វើការប្រ​មូលសំរាម ប៉ុន្តែ​បច្ចុប្បន្ន​ផ្លូវនៅទីប្រជុំជនស្រុកមេមត់​ស្រួល ហើយថ្មីៗ​អ្នកស្រីបានទៅកម្មង់ទិញរថយន្តប្រមូលសំរាមថ្មី ដើម្បីយកមកប្រើប្រាស់ ដោយមិនទាន់បានយករថយន្តមកផង ក៏ស្រាប់​តែកើតបញ្ហា​នេះតែម្តង។​

ដោយឡែកទាក់ទងទៅនឹងករណីខាងលើនេះ លោក ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ករណីនេះខាងអាជ្ញាធរខេត្ត មិនទាន់បានទទួលរបាយការណ៍ ពីរដ្ឋបាលស្រុកមេមត់នៅឡើយទេ៕