(ព្រះសីហនុ)៖ ក្រោយពីបុគ្គលឈ្មោះ លី សុខងីម ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៤៣ E0 ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបក្ខពួករបស់ខ្លួនបាន រំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ម្ចាស់ដីដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីត្រឹមត្រូវស្របច្បាប់ បានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា ម្ចាស់ដីទាំង១៩គ្រួសារ មានការឈឺចាប់ រូបគាត់បានធ្លាក់ខ្លួនឈឺដោយសារអំពើរំលោភបំពានទន្រ្ទានយកដីពួកគាត់ ដែលខំកាន់កាប់ និងថែរក្សាតាំងពីឆ្នាំ១៩៩៤មក។
ម្ចាស់ដីស្របច្បាប់១៩គ្រួសារដដែល បានរៀបរាប់ពីអំពើទុច្ចរិតរបស់ លី សុខងីម និងបក្ខពួក បានមកគម្រាមកំហែងប្រជាពលរដ្ឋស្លូតត្រង់វ័យចំណាស់ ដែលខំថែរក្សា និងកាន់កាប់ដីជាយូរយាណាស់ មកហើយ បានបង្កើតបក្ខពួករបស់ខ្លួនមួយក្រុម និងរៀបចំឲ្យមានអ្នកលក់ និងអ្នកទិញរួចឃុបឃិត ជាមួយមន្ត្រីខិលខូចមួយចំនួន បង្កើតឯកសារផ្សេងៗដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិលើដីស្របច្បាប់ ហើយចូលទន្ទ្រានកាន់កាប់ និងប្រើហិង្សាទៅលើម្ចាស់ដីស្របច្បាប់ ដោយឲ្យបក្ខពួកខ្លួន គំរាមកំហែងដេញអ្នកចាំដីរួចពួកខ្លួនចូល មកកាន់កាប់ដីដែលមានប័ណ្ណកម្មសិទ្ធិ១៩គ្រួសារ និងសាងសង់ សំណង់ អាណាធិបតេយ្យធ្វើពីស័ង្កសីនៅលើដីនោះ នៅអំឡុងឆ្នាំ២០១៦ ថែមទៀត ប៉ុន្តែសកម្មភាពទាំងនេះ មិនបានសម្រេចដោយសារពួកគេ ចូលទន្ទ្រានកាន់កាប់លើដីដែលម្ចាស់មាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាមច្បាប់។
ព្រោះតែការឈឺចាប់របស់ម្ចាស់ដីស្របច្បាប់ទាំង១៩គ្រួសារ ដោសារអំពើរំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់ពីសំណាក់ លី សុខងីម និងបក្ខពួករបស់ខ្លួន ប្រជាពលរដ្ឋទាំងអស់ បានគោរពស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយពួកគាត់ពីអំពើអាក្រក់របស់ លី សុខងីម និងបក្ខពួកផង។
សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ស្របពេលដែលដីខេត្តព្រះសីហនុមានតម្លៃ បុគ្គល លី សុខងីម និងបក្ខពួកបានធ្វើអំពើទុច្ចរិត គំរាមកំហែងរំលោភទន្ទ្រាន កាន់កាប់ដីប្រជាពលរដ្ឋមួយចំនួន ហើយបុគ្គលនេះកំពុងតែជាប់បណ្ដឹងពីម្ចាស់កាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕