(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការសម្រួលលើបញ្ហាពន្ធដារ នៅក្នុងឧស្សាហកម្មកាត់ដេរ ដើម្បីរក្សាកំណើន និងភាពប្រកួតប្រជែងរបស់ឧស្សាហកម្មនេះ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមីនានេះ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរវាងតំណាងសមាគមជាមួយលោក គង់ វិបុល និងមន្ត្រីរបស់លោក នៅអគ្គនាយកដ្ឋានពន្ធដារ សមាគមបានស្នើសុំដំណោះស្រាយ លើបញ្ហាចំនួន៤ដូចខាងក្រោម៖
១៖ សវនកម្មពន្ធដារតែម្តងក្នុងមួយឆ្នាំ
២៖ ធ្វើឲ្យមានរយៈពេលមិនជាប់ពន្ធ (Tax Holiday) ក្លាយជាការពិតសម្រាប់គម្រោងមានលក្ខណសម្បត្តិគ្រប់គ្រាន់
៣៖ លើកលែងពន្ធសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពក្រោមច្បាប់ ស្តីពីការងារដែលត្រូវបាន ធ្វើវិសោធនកម្មកាលពីពេលថ្មីៗនេះ
៤៖ លុបបំបាត់ទាំងស្រុង ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណេញ១% ឬការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល។
អគ្គនាយកដ្ឋានពន្ធដារ បានពិចារណាយ៉ាងយកចិត្តទុកដាក់ និងឆ្លើយតបវិជ្ជមាន ចំពោះសំណើរបស់សមាគមដូចខាងក្រោម៖
១៖ ចំពោះសំណើរបស់សមាគម ស្តីពីសវនកម្មពន្ធដារតែម្តងក្នុងមួយឆ្នាំត្រូវបានយល់ព្រម។ អគ្គនាយកដ្ឋានពន្ធដារ នឹងបញ្ជូនសេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ណែនាំ ស្តីពីសវនកម្មទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការពិនិត្យចុងក្រោយ និងចុះហត្ថលេខា។ នឹងមានសវនកម្មយ៉ាងច្រើនតែម្តងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលអាចជាសវនកម្មលើលិខិតស្នាមឬសវនកម្មអន្តរកាលឬសវនកម្មពេញលេញ។
សវនកម្មពេញលេញ អាចពិនិត្យថយក្រោយយ៉ាងច្រើនបំផុត៣ឆ្នាំ។ ក្នុងករណីមានភាពមិនប្រក្រតីធ្ងន់ធ្ងរ អគ្គនាយកដ្ឋានពន្ធដារអាចពិនិត្យថយក្រោយចំនួន៥ឆ្នាំ។ នឹងមានការលើកទឹកចិត្តពិសេសផងដែរបន្ថែមពី
លើនេះសម្រាប់ក្រុមហ៊ុនដែលមានវិញ្ញាបនបត្រអនុលោមភាពពន្ធដារប្រភេទមាស។ គណៈកម្មាធិការសម្រាប់ចេញវិញ្ញាបនបត្រនេះ នឹងត្រូវបង្កើតនាពេលខាងមុខឆាប់ៗ។
២៖ ចំពោះសំណើសុំធ្វើឲ្យមានរយៈពេលមិនជាប់ពន្ធ(Tax Holiday) ក្លាយជាការពិតសម្រាប់គម្រោងមាន លក្ខណសម្បត្តិគ្រប់គ្រាន់។ អគ្គនាយកដ្ឋានពន្ធដារកំពុងស្ថិតនៅក្នុងដំណើរការធ្វើវិសោធនកម្មច្បាប់ស្តីពី
ពន្ធដារ ជាពិសេសមាត្រា២៣។
៣៖ ការទូទាត់ប្រាក់បំណាច់អតីតភាព ក៏នឹងត្រូវលើកលែងពន្ធ ពីពន្ធលើប្រាក់បៀវត្ស ឬពន្ធលើអត្ថប្រយោជន៍បន្ថែមផងដែរ។ ការលើកលែងនេះ គឺសម្រាប់តែវិស័យកាត់ដេរតែប៉ុណ្ណោះ។
៤៖ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ១% ឬការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលបច្ចុប្បន្ននេះ កំពុងត្រូវបានព្យូរសម្រាប់វិស័យរបស់យើង ប៉ុន្តែក្រោមលក្ខខណ្ឌកាន់កាប់បញ្ជីគណនេយ្យត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានធ្វើសវនកម្ម តាមការតម្រូវរបស់អគ្គនាយកដ្ឋានពន្ធដារ។
ទោះយ៉ាងណាក្តី នឹងមានរយៈពេលលើកលែង សម្រាប់ការអនុវត្តតឹងរឹង នៃលក្ខខណ្ឌទាំងនោះ ដើម្បីឲ្យរោងចក្រពង្រឹងសមត្ថភាពរបស់ខ្លួន ពាក់ព័ន្ធនឹងបច្ចេកទេសអនុលោមភាពពន្ធ។
ទាំងនេះជាលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំរបស់ GMAC ជាមួយអគ្គនាយកដ្ឋានពន្ធដារ ហើយ GMAC សូមថ្លែងអំណរគុណ ជាពិសេសចំពោះការពិចារណារបស់លោក គង់ វិបុល ក្នុងការសម្រួលដល់វិស័យឯកជន ដើម្បីនាំឲ្យមាន បរិយាកាសធុរកិច្ចប្រសើរជាងមុន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរដល់វិស័យឯកជន សម្រាប់ឲ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា៖