(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ជាថ្ងៃទិវាអន្តរជាតិនារី ៨មីនា ដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងពិភពលោក តែងតែប្រារព្ធមិនដែលអាក់ខានឡើយ។ ប្រធានបទសម្រាប់ឆ្នាំនេះ គឺ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ។
តើទិវាអន្តរជាតិនារី ៨ មីនា មានប្រវត្តិបែបណា? នៅពេលនេះបណ្តាញព័ត៌មាន Fresh News សូមលើកយកប្រវត្តិនៃទិវានេះ មកជម្រាបជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖
នៅចុងសតវត្សទី១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លា នៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេស ដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួន មានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។
ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ច ចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យ បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។
ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាស ត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះ បានលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះចលនានារីពលករលើសកលលោកទាំងមូល។
ចលនាដ៏ស្វិតស្វាញនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាឡឺម៉ង់ដែលជា ប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ នៅប្រទេសអាឡឺម៉ង់ ក្នុងពេលនោះបានលេចឡើងនូវយុវនារី៣រូប ដ៏ល្បីល្បាញគឺ អ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាឡឺម៉ង់ និង រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធិ ជាមួយអ្នកស្រី គ្រូបស្កាយ៉ា (ភរិយាលោកឡេនីន) បំផុសចលនាបង្ខិតបានជាគណៈលេខាអន្តរជាតិ ដើម្បីដឹកនាំចលនានារី។
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា «ទិវានារីអន្តរជាតិ» ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក» ។
ចាប់តាំងពីថ្ងៃនោះមក ថ្ងៃ ៨ មីនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
គឺដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់ និងពុះពារនឹងការលំបាកគ្រប់បែបយ៉ាងពី១០០ឆ្នាំមុននេះ ហើយទើបបច្ចុប្បន្ននេះ នារីក្នុងពិភពលោកមានឱកាស ទទួលបាននូវសិទ្ធិស្មើភាព ក្នុងការបន្តុះបង្អាប់ខ្លះៗក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះ បានកាត់បន្ថយអស់ជាច្រើននូវអំពើហិង្សា និងការរើសអើងចំពោះនារីភេទ ដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះ។
ជាបន្ទាប់ចលនានារីអន្តរជាតិ បានខិតខំដោះស្រាយបញ្ហានារី ដែលនៅសេសសល់តាម រយៈការស្នើរឡើងទៅអង្គការសហប្រជាជាតិ ដោយសន្និសីទនារី ជាច្រើនលើកច្រើនសារ។
នៅឆ្នាំ១៩៧៥ សន្និសីទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិចស៊ិចកូ ប្រទេសម៉ិចស៊ិច ក្រោមប្រធានបទ «សមភាព វឌ្ឍនភាព និងសន្តិភាព»។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាព សម្រាប់អនុម័តអនុសញ្ញានេះ។
ខែតុលា ឆ្នាំ១៩៧៥ដដែល អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជាសតវត្សសម្រាប់នារី។
នៅឆ្នាំ១៩៨០ សន្និសីទពិភពលោកលើកទី២ របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាពដែលកំណត់ក្នុងសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
ឆ្នាំ ១៩៨៥ ចុងបញ្ចប់នៃទស្សវត្សនារី គេបានរៀបចំសន្និសីទលើកទី៣ម្ដងទៀត នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សនារីព្រមទាំងធ្វើការ អនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុង ឆ្នាំ ២០០០។
ចុងក្រោយនេះគឺឆ្នាំ ១៩៩៥ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់១២ យ៉ាងរបស់នារីថែមទៀតគឺ «ភាពក្រីក្រ, ការអប់រំ, អំពើហឹង្សា, ផលវិបាកនៃជម្លោះ, អាវុធ, នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច, តួនាទីនារីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត, យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី, សិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ, បរិស្ថាន និងបញ្ហាកុមារី។
ទាំងនេះគឺជាយុទ្ធសាស្ត្រ និងរបៀបដោះស្រាយរបស់នារី ដែលតែងតែអនុវត្តតាមបែបសន្តិវិធី តាមការបញ្ចេញមតិតែប៉ុណ្ណោះ។ ឯលទ្ធផលដែលនារីទទួលបាន គឺការផ្ដល់នូវសិទ្ធិស្មើភាពឱ្យបានគ្រប់គ្រាន់ និងតម្លៃជាមនុស្ស ពោលគឺពុំមានទាមទារអ្វីឱ្យលើសពីនេះឡើយ។
បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី៨ មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្តិទិវាអន្តរជាតិ៨ មិនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត ហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹង នារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក៣ ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរស និងស្ដ្រី ការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហិង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់ រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយស្ដ្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយទប់ស្កាត់ លុបបំបាត់ចោលនូវបញ្ហាទាំងឡាយខាងលើ ដែលមានចំពោះស្ត្រីភេទ៕