(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ (CNRP) និងជាកូនប្រុសលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានដាក់ដាក់ពាក្យសុំបម្រើការងារជាមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងលិខិតសុំចូលបម្រើការងារដាក់ជូនទៅលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ លោក គង់ បូរ៉ា បានស្នើសុំចូលបម្រើការងារនៅនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល នៃក្រសួងកសិកម្ម។
អតីតតំណាងរាស្ត្ររូបនេះ បានគូសបញ្ជាក់ក្នុងលិខិតនោះថា «ដោយខ្ញុំបាទទើបបានបញ្ចប់តួនាទីជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងចំនួន០២ នីតិកាល (អាណត្តិទី៤ និងទី៥) ហើយទើបរួចពីបម្រាមធ្វើនយោបាយកាលពីខែមករា ឆ្នាំ២០១៩ ថ្មីៗ ដូចនេះខ្ញុំបាទសូមគោរពស្នើសុំចូលបម្រើការងារជាមន្ត្រីរាជការនៃនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល ទៅតាមភាពអនុគ្រោះរបស់គោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់កាលៈទេសៈពិសេសនេះ»។
សូមបញ្ជាក់ថា លោក គង់ បូរ៉ា អាយុ ៤៥ឆ្នាំ ជាអតីតតំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិ ហើយលោកក៏ត្រូវបានតុលាការហាមប្រាមមិនឲ្យធ្វើនយោបាយផងដែរ។ នាពេលថ្មីៗនេះតាមរយៈការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់អនុញ្ញាតឲ្យរួចផុតពីបំរាមនេះ នឹងអាចធ្វើសកម្មភាពនយោបាយជាប្រក្រតីឡើងវិញ៕