(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ធំ។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តកំពង់ធំ លោកប្រធានក្រុមប្រឹក្សាខេត្ត ប្រតិភូតំណាងក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ មន្ត្រីរាជការ កម្លាំងសមត្ថកិច្ចជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ប្រមាណជិត ៤០០នាក់។
ក្នុងពិធីនេះដែរ លោក សុខ លូ បានឡើងរាយការណ៍អំពីលទ្ធផលនៃអង្គសនិ្នបាត ដែលបានប្រព្រឹត្តទៅរយៈពេល មួយថ្ងៃកន្លះ ដោយបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន០៤រួមមាន ១. ការងារគ្រឿងញៀន និងអន្តោប្រវេសន៍ ទី២. ការងារផ្តល់អត្តសញ្ញាណប័ណ្ណ និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ទី៣. ការងារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ ជលផល ដីធ្លី) និងទី៤. ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងកាកសំណល់ រឹង រាវ ដើម្បីកំណត់អំពីបញ្ហាប្រឈមនានា និងវិធានការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត ថោង ខុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យទូទាំងខេត្ត រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨។
លោកបណ្ឌិត ថោង ខុន បានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំទាំងមូល ត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗចំនួន ០៧ចំនុច ដូចខាងក្រោម៖
ទី១៖ បន្តថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរក្សាឲ្យបានគត់មត់នូវ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ជាតិ។
ទី២៖ បង្កើនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ។
ទី៣៖ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលជាវិស័យចម្បងរបស់ខេត្ត។
ទី៤៖ ពង្រឹងការអនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ដែលមានកិច្ចការជាអាទិភាពចំនួន ០៤ ទីមួយ. ការបង្កើនការផ្ទេរមុខងារ និងធនធាន ទីពីរ. ការផ្ទេរមន្ត្រី បុគ្គលិកក្រសួងមហាផ្ទៃប្រមាណជាង ៦.០០០នាក់ មកជាមន្ត្រីបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទីបី. ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុង ស្រុក និងទីបួន. ការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍមូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់។
ទី៥៖ បន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដូចជា សេវាសុខាភិបាល អប់រំ សង្គមកិច្ច និងសេវា សាធារណៈដទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
ទី៦៖ អំពីគ្រោះរាំងស្ងួត៖ រដ្ឋបាលខេត្តត្រូវដឹកនាំសម្រប សម្រួលដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រួតពិនិត្យអំពីប្រភពទឹកនានានៅមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផលរដូវប្រាំង។
ទី៧៖ ពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ។
ជាងនេះទៀត លោករដ្ឋមន្ត្រីក៏បានណែនាំដល់រដ្ឋបាលខេត្ត ក្រុមការងារថ្នាក់ជាតិ និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពិនិត្យ និងដោះស្រាយការងារសំខាន់ៗពាក់ព័ន្ធនឹងការឆ្វៀលដីនៅតំបន់៣ តំបន់២ និងតំបន់អភិរក្សសត្វខ្សឹប ជូនប្រជាពលរដ្ឋមូលដ្ឋានអោយបានសមស្រប ប្រសិទ្ធភាព និងមានតម្លាភាព។
បន្ថែមពីនេះទៀត លោកបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្តត្រូវខិតខំទាក់ទាញការវិនិយោគផ្នែកកសិកម្ម និងបង្កើតរោងចក្រកែឆ្នៃកសិផលនៅក្នុងខេត្ត សំដៅបង្កើតឱកាសការងាជូនប្រជាជន ខិតខំអភិវឌ្ឍន៍ខេត្តកំពង់ធំ ទៅជាតំបន់គោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដោយត្រូវខិតខំរៀបចំ និងអភិវឌ្ឍន៍ទីក្រុងអោយកាន់តែស្អាត បៃតង មានសន្តិសុខ សណ្តាប់ធ្បាប់ អនាម័យ បរិស្ថានល្អ និងសេវាកម្មប្រកបដោយគុណភាព។
លោកបណ្ឌិតបានគូសបញ្ជាក់ថា នឹងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំឲ្យមានជាចលនាប្រលងប្រណាំងការផ្តល់សេវាសាធារណៈល្អ នៅរាជធានី ខេត្ត ក្រុង ខ័ណ្ឌ ស្រុក និងឃុំ សង្កាត់ ដោយចាប់ផ្តើមអនុវត្តសាលល្បងនៅខេត្តកំពង់ធំមុនគេ។ លើសពីនេះលោកបណ្ឌិត បានស្នើរដ្ឋបាលខេត្ត រៀបចំបង្កើតក្រុមការងារថ្នាក់ខេត្តមួយ ដើម្បីធ្វើការគ្រប់គ្រង និងបែងចែកទឹកនៅតាមមូលដ្ឋានក្រុងស្រុកទាំង០៩ នៅក្នុងដូវប្រាំងនេះ ដែលប្រទេសជាតិប្រឈមអាកាសធាតុក្តៅហួតហែង ឲ្យបានល្អ និងមានតម្លាភាព សំដៅធានាការផ្គង់ផ្គង់ និងចែកចាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើកសិកម្ម៕