(តាកែវ)៖ លោកស្រី សុខ កែវ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សុខ កែវ បានទទួលស្វាគមន៍ព្រះតេជគុណ ស៊ី ជីងឈីង ប្រធានសមាគមអប់រំ ព្រះពុទ្ធសាសនាពិភពលោកទីក្រុងហុងកុង និងគណៈប្រតិភូចិន ជប៉ុន និងកូរ៉េ ដើម្បីទស្សនារោងម៉ាស៊ីនកិនស្រូវ សុខ កែវ ដែលមានទីតាំងស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
សូមជម្រាបថា មុនបំពេញទស្សនកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ ប្រធានសមាគមអប់រំ ព្រះពុទ្ធសាសនាពិភពលោកទីក្រុងហុងកុង និងគណៈប្រតិភូចិន ជប៉ុន និងកូរ៉េ ក៏ត្រូវបានទទួលស្វាគមន៍ពីសំណាក់ លោក ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍ជាមួយគ្នាផងដែរ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។
ការជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៏ រវាងរដ្ឋបាលស្រុកត្រាំកក់ និងសមាគមអប់រំពុទ្ធសាសនាពិភពលោកក្រុងហុងកុង ប្រទេសចិន ខាងលើនេះ គឺមានគោលដៅផ្តោតលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍស្រុកត្រាំកក់ឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោក ច័ន្ទ សារុន បានស្នើឲ្យភាគីសមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ជួយបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងស្រុកត្រាំកក់ពាក់ព័ន្ធវិស័យនានា ជាពិសេសវិស័យកសិកម្ម ព្រោះថានៅក្នុងស្រុកត្រាំកក់កំពុងតែខ្វះខាតធនធានមនុស្ស ខណៈដែលប្រទេសចិន គឺជាប្រទេសដែលមានការជឿនលឿនលើគ្រប់វិស័យ ហើយថែមទាំងជាប្រទេសមយក្សសេដ្ឋកិច្ចផងដែរ។
លោកក៏បានថ្លែងអំណរគុណដល់ ប្រធានសាមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ព្រះតេជគុណ ស៊ី ជីឈីង រួមទាំងសមាជិក សមាគមជនជាតិចិន និងកូរ៉េទាំងអស់ ដែលបានធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៏ក្នុងស្រុកត្រាំកក់ ហើយលោកសង្ឃឹមថាភាគីចិន កូរ៉េ នៅតែបន្តផ្តល់បទពិសោធន៍ល្អៗ បន្តទៀត ដើម្បីឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕