(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើការងារជាមួយគណៈកម្មការ អនុគណៈកម្មការ ក្នុងការគ្រោងរៀបចំពិធីស្រង់សុគន្ធវារីប្រគេនព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជ្ជោតិ អនុគណខណ្ឌ ជាព្រះចៅអធិការវត្តញាណរង្សី នៅថ្ងៃទី១៤-១៥ ខែមីនាខាងមុខនេះ នៅវត្តញាណរង្សី ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ, លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ និងលោក ង៉ែត ចាន់បូរ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តទាំង៥ ក្នុងមូលដ្ឋានផងដែរ មានទាំងគណៈនាយក, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធ និងលោកតាអាចារ្យមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំផ្ដោតសំខាន់លើ ការរៀបចំពិធីស្រង់សុគន្ធវារីប្រគេនព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះគ្រូរតនប្បជ្ជោតិ អនុគណខណ្ឌ និងជាព្រះចៅអធិការ វត្តញាណរង្សី ដែលនឹងធ្វើនៅថ្ងៃ១៤-១៥ ខែមីនាខាងមុខនេះ គឺធ្វើឡើងទៅតាមគន្លង នៃវិន័យព្រះសម្មាសាម្ពុទ្ធ ជាព្រះបរម្យគ្រូនៃយើង បានចងក្រងជាគម្ពីបិដកឲ្យគោរព ទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ទាំងតាមផ្លូវព្រះធម៌ និងផ្លូវលោកពុទ្ធចក្រ និងអាណាចក្រ រួមនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយជ្រកក្រោមម្លប់តែមួយ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាសាសនារបស់រដ្ឋ។
នៅក្នុងពិធីស្រង់សុគន្ធវារីខាងមុខនេះ ក៏បានបង្ហាញនូវព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងការដឹកនាំព្រះសង្ឃក្នុងទីវត្ត ដែលជាភារកិច្ចរបស់ ព្រះគ្រូចៅអធិការវត្តនីមួយៗ ត្រូវគោរពប្រតិបត្តិនូវនាយកធម៌ ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និងគ្មានអធិករណ៍អ្វីកើតឡើងនោះឡើយ ដោយប្រកាន់នូវធម៌ខន្តី៕