(មណ្ឌលគិរី)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អណ្តូងស្នប់ចំនួនពីរ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ១២គ្រួសារ ដែលរស់នៅតំបន់ដាច់ស្រយាល ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជាក់ស្ដែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយមើលឃើញពីការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាង៤០គ្រួសារ ដែលរស់នៅក្នុងភូមិជីមៀត ឃុំណងឃីលិក ស្រុកកោះញែក លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អណ្តូងស្នប់ចំនួនពីរ ថែមទាំងចែកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋក្រីក្រចំនួន១២គ្រួសារ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ តាមរយៈអាជ្ញាធរមូលដ្ឋានមិនដែលរំលងនោះឡើយ។
តាមរយៈអំណោយអណ្ដូងស្នប់នៅថ្ងៃនេះ លោក ស្វាយ សំអ៊ាង បានណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះរក្សាសមិទ្ធផលដែលទើបទទួលបាន ដើម្បីទុកប្រើប្រាស់បានរយៈពេលយូរទៅថ្ងៃខាងមុខ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតផងដែរ៕