(ព្រះសីហនុ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភបាលកម្ពុជា បានថ្លែងថា បើទោះបីវត្តមានចិនដ៏ច្រើន នៅខេត្តព្រះសីហនុ ធ្វើឲ្យមានការវាយប្រហារពីបណ្តាញសង្គមក្តី តែមន្ត្រីព័ត៌មាន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើឲ្យខេត្តមួយនេះ ក្លាយជារូបភាពសន្តិភាព ដើម្បីទាក់ទាញវិនិយោគិនចិន ចូលមកបណ្តាក់ទុនបន្ថែមទៀត។
លោក ផៃ ស៉ីផាន បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាពិសេសមួយ ស្តីពី «អ្នកនាំពាក្យសកម្ម ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយសខេត្ត-ក្រុង ភ្ជាប់ជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យភាព ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញ» នៅសាលាខេត្តព្រះសីហនុ។
លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាគេ បង្កើតនូវព័ត៌មានអាក្រក់ សម្រាប់ថ្នាក់ដឹកនាំរបស់យើង លុបបំបាត់ប្រជាធិបតេយ្យរបស់យើង យើងនៅតែមានផលសម្រាប់គេ (ប្រទេសចិន)។ ទោះបីជាមានការតិទៀនពីបរទេស តែយើងត្រូវតែធ្វើឲ្យគេ (ចិន) ទុកចិត្ត ធ្វើឲ្យគេយល់ឃើញថា តាមរយៈរូបភាពកំពង់សោម គឺជារូបភាពសន្តិភាព ជារូបភាពមានតុល្យភាពនយោបាយ ធ្វើឲ្យគេទុកចិត្ត បានគេមកបណ្តាក់ទុន ដែលនេះជាមោទកភាព របស់កំពង់សោមយើង»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបន្តថា ខេត្តព្រះសីហនុ គឺជាទឹកដីមួយមានសក្តានុពលខ្លាំង ហើយជាខេត្តដែលសម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់បង្កើតជាទីកន្លែងហិរញ្ញវត្ថុសម្រាប់ជាតិ។ ប៉ុន្តែជាអកុសល ដែលខេត្តនេះមានបញ្ហាច្រើន ដោយសារកម្ពុជាជាទីកន្លែងប្រឈមមុខដាក់គ្នា រវាងមហាអំណាចសេដ្ឋកិច្ចទៅវិញ។
លោកបន្ថែមថា «កំពង់សោម គឺជាទឹកដីមួយដែលកំពុងតែប្រឈម ជាមួយនឹងវិស័យព័ត៌មាន ពាក់ព័ន្ធនឹងរឿងដីធ្លី ពាក់ព័ន្ធនឹងការរស់នៅរបស់មហាជនទេ ក៏ប៉ុន្តែជាការប្រកួតប្រជែងបំផុត នៃភូមិសាស្ត្រនយោបាយ រវាងលោកខាងកើត និងលោកខាងលិច ខាងជើងនិងខាងត្បូង ពីព្រោះកំពង់សោម ជាគោលដៅមួយដែលធ្វើឲ្យកម្ពុជាល្បីល្បាយ ដែលជាគោលបំណង ជាទស្សនៈវិស័យ និងជាគោលនយោបាយរបស់សម្តេច (តេជោ)»។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់អំពីទំនាក់ទំនង មិត្តភាពជាប្រវត្តិសាស្ត្រ រវាងចិននិងកម្ពុជា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំស្អប់និងរើសអើង ដល់ជនជាតិចិនឡើយ។ លោកថា ចិននិងកម្ពុជា មិនមែនទើបតែមានមិត្តភាពស្អិតរមូត ដូចពេលបច្ចុប្បន្ននេះទេ តែចិននិងកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរមកហើយ ពោលតាំងពីសម័យមុនគ្រិស្តរាជមកម្លេះ។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ក៏បានលើកឡើងពីប្រសាទអង្គវត្ត ដែលត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី២ គឺមានការឆ្លាក់រៀបរាប់អំពីពាណិជ្ជករចិន កំពុងរកស៉ីជាមួយប្រជាជនកម្ពុជា នាសម័យនោះយ៉ាងមមាញឹក។ ទន្ទឹមនឹងនេះ លោកបានជំរុញដល់មន្ត្រីព័ត៌មាន នៃសាលាខេត្តព្រះសីហនុទាំងអស់ ត្រូវត្រៀមខ្លួនធ្វើជាអ្នកការពារខេត្ត ដោយត្រូវរួមគ្នាផ្សព្វផ្សាយ ឲ្យបានច្រើនពីសក្តានុពលនៃខេត្តនេះ និងទប់ទល់ ក៏ដូចជាវាយបករាល់ព័ត៌មានមិនល្អ ដែលត្រូវបានផ្សព្វផ្សាយពីបណ្តាញ មួយចំនួនទៀតផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភា បានធ្វើបទបង្ហាញពី ទស្សនវិស័យនយោបាយ និងសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ លោកអះអាងថា ចិនមកកម្ពុជា មិនមែនមកបំផ្លាញទេ តែមកដើម្បីជួយអភិវឌ្ឍន៍។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងទៀតថា បញ្ហាជនជាតិចិនចូលមកច្រើននៅកម្ពុជា ដែលធ្វើឲ្យខេត្តព្រះសីហនុ មានភាពល្អក់កករ បណ្តាលឲ្យប្រព័ន្ធផ្សព្វផ្សាយខ្លះ ចាំវាយប្រហារនោះទេ កើតមកពីការរៀបចំខេត្តនៅមានកម្រិត គឺខេត្តនេះត្រូវតែចេះរៀបចំ និងពង្រឹងបញ្ហាសន្តិសុខ និងអនាម័យ ដើម្បីកុំឲ្យមានបញ្ហារិះគន់។ លោកបន្តថា ប្រទេសនានានៅអាស៊ាន បានទទួលជនជាតិចិន យ៉ាងច្រើនណាស់ហើយ តែគេមិនមានបញ្ហាទេ ព្រោះប្រទេសគេចេះរៀបចំបានល្អ ពោលនៅឆ្នាំ២០១៨ ភ្ញៀវទេសចរចិនទៅថៃ មានចំនួន១០លាននាក់ ម៉ាឡេស៉ី៧លាននាក់ សឹង្ហបូរី៦លាននាក់ និងវៀតណាម៦លាននាក់ ខណៈចិនមកកម្ពុជា មានត្រឹមជិត២លាននាក់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា «ខ្ញុំដើរលេងមាត់សមុទ្រល្ងាចមិញ ហើយឃើញជនជាតិចិននោមដាក់សមុទ្រ។ ខ្ញុំសួរប៉ូលីសទេចរណ៍នៅទីនោះ តែគាត់ឆ្លើយថា បងឯងកុំចេះដឹង។ ខ្ញុំស្លៀកខោខ្លី ហើយគាត់អត់ដឹងថា ខ្ញុំធ្វើការនៅណាទេ អាហ្នឹងមកពីការរៀបចំមិនល្អ»។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការល្អជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ចិននិងកម្ពុជា បានធ្វើឱ្យចំនួនអ្នកវិនិយោគចិន ក៏ដូចជាភ្ញៀវទេសចរចិន មកកម្ពុជាមានចំនួនកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងភ្ញៀវទេសចរចិន បានជាប់លំដាប់ថ្នាក់លេខ១ នៅឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៣.៤លាននាក់ ស្ថិតក្នុងកំណើន ១១,១% ដោយភ្ញៀវទេសចរចិនឈនៅលំដាប់លេខ១ មានចំនួន១លាន ៩ម៉ឺននាក់ កើនឡើង ៧២,៦% ៕