(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបិទក្លឹបកម្សាន្ដ «ម៉ៃអាមី» នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍អប្សរា ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយសង្ស័យអត់ច្បាប់អនុញ្ញាត និងរំខានការដេកពួនរបស់ប្រជាពលរដ្ឋនោះ រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ត្រូវអាជ្ញាធរខណ្ឌ ចុះបិទអាជីវកម្ម។
លោក ព្រុំ សំខាន់ បានឲ្យដឹងថា កម្លាំងចំរុះដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថាន ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថា ក្លឹប «ម៉ៃអាមី» មានទីតាំង១៥៩ ដែលបញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើឲ្យប៉ះពាល់រំខានការដេកពួនរបស់ប្រជាពលរដ្ឋ អ្នករស់នៅជិតខាងទើប អាជ្ញាធរចុះមកត្រួតពិនិត្យ។
អភិបាលខណ្ឌចំការមន បានបញ្ជាក់ទៀតថា យោងតាមការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន ដោយក្លឹបខាងលើគ្មានការអនុញ្ញាត បើទោះម្ចាស់ទីតាំងមិនព្រមផ្ដិតមេទទួលស្គាល់ក៏ដោយ។
ប៉ុន្ដែក្រោយទទួលបានការពន្យល់ណែនាំ ម្ចាស់ទីតាំងខាងលើ ក៏បានចូលរួមថែមទាំងផ្ដិតមេដៃផ្អាកជាបណ្ដោះអាសន្ន រងចាំចូលខ្លួនដោះស្រាយរឿង ប៉ះសំឡេងរំខាន និងមានលិខិតអនុញ្ញាតទើបអាចបើកដំណើរវិញ៕