(ភ្នំពេញ)៖ នៅឆ្នាំ២០១៨ កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋចំនួន២ប្រទេស។ ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ និងការងារជាបន្តបន្ទាប់ចំនួន១១ប្រទេស។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ប្រាក់ សុខុន បានបង្ហាញរបាយការណ៍នេះ នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះថា ឆ្នាំ២០១៨ កន្លងទៅនេះ យើងបានរៀបចំ និងសហការរៀបចំ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅចិន និងវៀតណាម និងទស្សនកិច្ចផ្លូវការ និងការងារជាបន្តបន្ទាប់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅឥណ្ឌា អូស្ត្រាលី ចិន សិង្ហបូរី វៀតណាម ជប៉ុន ឡាវ នេប៉ាល់ តួកគី និងស្ថាប័នអង្គការសហប្រជាជាតិនៅញូវយ៉ក និងហ្សឺណែវ។
បើតាមប្រមុខការទូតកម្ពុជា, ទន្ទឹមនឹងទស្សនកិច្ចទៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំកំពូលនេះ កម្ពុជាក៏បានរៀបចំទទួលបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ត និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីនៃបណ្តាប្រទេសទន្លេមេគង្គ ក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ និងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ផងដែរ។
លោកបានបន្តទៀតថា ក្រៅពីនេះ កម្ពុជាក៏បានចូលរួមក្នុងវេទិកាជាន់ខ្ពស់កម្រិតតំបន់ អនុតំបន់ និងអន្តរជាតិជាច្រើនដូចជា កិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប កិច្ចប្រជុំកំពូល ACMECS, កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS), កិច្ចប្រជុំកំពូលស្តីពីតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន, កិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក, សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោក, កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាដើម។
ក្នុងយន្តការពហុភាគី កម្ពុជាបានជាប់ឆ្នោតជាអនុប្រធាននៃសម័យប្រជុំលើកទី៧៣របស់មហាសន្និបាតអ.ស.ប. ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម (ECOSOC) របស់អ.ស.ប. សម្រាប់អាណត្តិឆ្នាំ ២០១៩ និងបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នៅឆ្នាំ២០២ផងដែរ៕