(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោកស្រី ម៉ក់ ស៊ីថា រួមនឹងលោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិកាក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រសួងយ៉ាងច្រើនកុះករ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាប្រធានបទមួយមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការជួយលើកកម្ពស់តម្លៃ សមភាពយេនឌ័រឲ្យមានសក្តានុពលថែមទៀត ទាំងសិទ្ធិ និងអំណាចក្នុងការបំពេញតួនាទីបម្រើឲ្យសង្គមជាតិ និងប្រជាជន ហើយវាពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានតម្កល់ «មនុស្ស» ជាអាទិភាពទី១ នៅលើគេ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ស្របទៅនឹងប្រធានបទជាអាទិភាពរបស់ គណៈកម្មការស្តីពីស្ថានភាពស្រ្តីលើកទី៦៣ ផងដែរដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការ អង្គការសហប្រជាជាតិនៅថ្ងៃទី១១-២២ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ប្រព័ន្ធគាំពារសង្គម ការទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដើម្បីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិ និងអំណាចដល់ស្រ្តីនិងក្មេងស្រី និងទិវាអន្តរជាតិ ២០១៩ ជាសាកលក្រោមប្រធានបទ «គិតស្មើគ្នា ស្ថាបនាដ៏ឈ្លាសវៃ នវានុវត្តន៍សម្រាប់ការផ្លាស់ប្តូរ»។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងខណៈដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការជាតិជាច្រើន ដើម្បីបន្តលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈនិងតួនាទីរបស់ស្រ្តីឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយសមធម៌ និងសមភាពយេនឌ័រជាមួយបុរស យកចិត្តទុកដាក់ឲ្យតម្លៃស្រ្តីថា ជាកម្លាំងដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ និងដើម្បីលើកកម្ពស់គុណសម្បត្តិស្រ្តី សិទ្ធិ និងសមភាពយេនឌ័រ លោករដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ក្រសួងមេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរ នូវចំណុចសំខាន់ៗ ជាបន្តបន្ទាប់ដូចតទៅ៖
១៖ ត្រូវបន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងវិស័យកសិកម្ម ជាពិសេសអនុសាសន៍១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើង ជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
២៖ ក្រុមការងារយេនឌ័រ និងកុមារ ត្រូវចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗសម្រាប់ពង្រឹងសមត្ថភាពរបស់ស្ត្រី។
៣៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជ ការជាស្ត្រីបន្ថែមទៀត និងប្រគល់មុខតំណែងឲ្យស្ត្រី នៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសំឡេងស្ត្រី ចូលរួមផ្ដល់យោបល់ ក្នុងការសម្រេចតែងតាំង។
៤៖ លើកកម្ពស់សមត្ថភាព ចំណេះដឹងជំនាញ បទពិសោធន៍ និងភាពអង់អាចរបស់កសិករជាស្រ្តី ក្នុងការអភិវឌ្ឍវិស័យកសិកម្ម អភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។ លើកកម្ពស់ការចូលរួមរបស់ស្ត្រី នៅគ្រប់កម្រិតដើម្បីទទួលបានប្រយោជន៍ ពីការផ្ដល់សេវាបណ្តុះបណ្តាលបច្ចេកទេស ការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងហិរញ្ញវត្ថុ។
៥៖ ត្រូវបន្តបង្កើនធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងបញ្ចូលផែនការសកម្មភាពយេនឌ័រ និងកុមារ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងកុមារនៅតាមអង្គភាព ហើយគួររៀបចំកម្មវិធីត្រួតពិនិត្យ តាមដាន និងវាយតម្លៃដែលមានលក្ខណៈសង្គតិភាព សមភាព តម្លាភាព និងផ្តល់គណនេយ្យភាពដល់ស្រ្តី និងក្មេងស្រីក្នុងវិស័យកសិកម្ម៕