(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ ត្រូវតែលុបបំបាត់ឲ្យបានជាដាច់ខាត នូវប្រកាន់ទស្សនៈ និងរើសអើងយេនឌ័រ ដែលនាំឲ្យមានភាពលម្អៀងរវាងស្ដ្រី និងបុរស ឬការវាយតម្លៃពីប្រសិទ្ធភាពការងារ និងដើម្បីសម្រេចបានយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយឧត្តមភរិយា ក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការជានារីជាច្រើនរូបផងដែរ។
សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ សូមបញ្ជាក់ការប្ដេជ្ញាចិត្តជាថ្មី គឺត្រូវលុបបំបាត់ឲ្យបានដាច់ខាត នូវទស្សនៈ ឬក៏ការរើសអើសយេនឌ័រ នៅក្នុងក្រសួងដែលនាំឲ្យមានភាពលម្អៀងរវាងស្ដ្រី និងបុរស ក្នុងការវាយតម្លៃអំពីប្រសិទ្ធភាពការងាររបស់ស្ដ្រី ដែលនេះខ្ញុំគិតថា មិនមែនជាចំណុចថ្មីនោះទេ គឺជាចំណុចដែលយើងបានចាប់ផ្ដើមតាំងពីដើមមក»។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះស្ថាប័នរដ្ឋទាំងអស់ មិនមែនជាប់ជំពាក់នូវរឿងនេះទេ (រើសអើងយេនឌ័រ) ប៉ុន្ដែផ្ទុយទៅវិញ ដើម្បីឲ្យចេញជាលទ្ធផលជាក់ស្ដែង អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំ ដើម្បីលើកកម្ពស់គុណភាពស្ដ្រីតាមរយៈ ការផ្ដល់នូវតួនាទីភារកិច្ច តាមរយៈការខិតខំប្រឹងប្រែងរបស់ស្ដ្រីខ្លួនឯង។
ទន្ទឹមនឹងការជួយជ្រោមជ្រែងពីបុរសនោះ ស្ដ្រីខ្លួនឯងក៏ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនផងដែរ ដើម្បីសម្រេចគោលដៅ បើមិនដូច្នេះទេមិនអាចទៅរួចនោះឡើយ។ នេះជាអ្វីដែលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។
បើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានលើកឡើងថា ស្ថានភាពក្របខណ្ឌ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ មានចំនួនសរុប១៣,២៤១រូប ស្ត្រី៣,៣០០រូប។
ដោយឡែក ស្ថានភាពក្របខណ្ឌមន្ត្រីនគរបាលជាតិ មានចំនួនសរុប៥៨,១៨៣រូប ស្រ្តីមាន៤,៣២៩រូប ស្មើនឹង ៧.៤% ក្នុងនោះមន្ត្រីនគរបាលជាតិ ថ្នាក់ជាតិ ស្ដ្រី១,៥០២រូប លើ១៨,៤៩៩ ស្មើនឹង៨.១១% និងថ្នាក់ក្រោមជាតិ ស្ដ្រី២.៨២៧រូប លើ៣៩,៦៨៤រូបស្មើនឹង៧.១២% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ត្រី ១០.០៧%)៕