(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំប្រភេទគ្រាប់ ជិត៨,០០០គ្រាប់។
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុងស្ទឹងត្រែង បន្ទាប់ពីជនសង្ស័យ បានលួចឆ្លងដែននាំយកគ្រឿងញៀនចូលមកប្រទេសកម្ពុជា ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងអនុវត្តតាមការណែនាំលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
លោកមេបញ្ជាការ បានបន្ថែមថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣៩កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មានទម្ងន់សុទ្ធ៧៩៣,៣ក្រាម, លុយដុល្លារ១០០ដុល្លារក្លែងខ្លាយរហែក១សន្លឹក, លុយបាតថៃ៣,០០០បាត, ទូរស័ព្ទអិនចុចពិល២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ដតាមនីតិវិធី៕