(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឆ្នាំ២០១៨ កន្លងទៅនេះ គឺជាឆ្នាំដែលក្រសួងការបរទេស បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ នៅលើសមរភូមិការទូត និងសាធារណមតិ ដើម្បីការពារ និងលើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិ។
ការលើកឡើងរបស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើង នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ប្រាក់ សុខុន បានរំលេចអំពីការងារធំៗចំនួន៥ចំណុច ដែលក្រសួងការបរទេស បានខិតខំបំពេញ នៅឆ្នាំ២០១៨ កន្លងទៅនេះ។ លោកបានបញ្ជាក់តាមលំដាប់លំដោយថា៖
ការងារធំទី១៖ ការការពារផលប្រយោជន៍ជាតិ ជាពិសេសការការពារឯករាជ្យ និងអធិបតេយ្យភាព ឆ្នាំ២០១៨ គឺជាឆ្នាំដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតស៊ូយ៉ាងស្វិតស្វាញ នៅលើសមរភូមិការទូត និងសាធារណៈមតិ ដើម្បីការពារ និងលើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ក៏ដូចជាការទប់ទល់ វាយបកប្រឆាំងទៅនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
* ក្រសួងបានចងក្រង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្ថបទ«ប្រាប់ពីការពិត» បកស្រាយពីសភាពការណ៍នយោបាយនៅកម្ពុជា និងចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ឆ្លើយតបចំពោះការបំផ្លើស មួលបង្កាច់ខុសពីសភាពការណ៍ពិត និងបញ្ជាក់ពីជំហរម៉ឺងម៉ាត់ដាច់ខាតក្នុងការការពារឯករាជ្យ អធិបតេយ្យជាតិកម្ពុជា។
* ចាត់បញ្ជូនបេសកកម្មសុឆន្ទៈទៅបកស្រាយបំភ្លឺជូនឥស្សរជនសំខាន់ៗនៃគណៈកម្មការអឺរ៉ុប និងជួបពិភាក្សាជាមួយសមាជិកសភាអឺរ៉ុបមួយចំនួន។
* ធ្វើការចរចាជាមួយប្រទេសជិតខាងនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី ដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
* ជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋខ្មែរ ជាពិសេស ពលករពលការីនីខ្មែរដែលរងគ្រោះពីការរំលោភបំពាននៅបរទេសបានចំនួន ៨៤៨៩នាក់។
ការងារធំទី២៖ ការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វៀងវៃ តបទៅនឹងសំពាធភូមិសាស្ត្រនយោបាយបច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសជាមិត្តចំនួន១៧២។ គិតត្រឹមឆ្នាំ២០១៨នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការជាមួយ ៣៤ប្រទេស។ កម្ពុជាបានរឹតចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសជាច្រើននៅទី្វបអាស៊ី អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា និងនៅអឺរ៉ុប។ យើងក៏កំពុងរៀបចំបើកដំណើរការស្ថានទូត៣បន្ថែមទៀតនៅប្រទេសប៊ុលហ្ការី តួកគី និងស៊ែរប៊ី សំដៅបង្កើនទំនាក់ទំនង និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ សេដ្ឋកិច្ច និងបើកច្រកទីផ្សារថ្មី។ យើងបានរៀបចំ និងសហការរៀបចំ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាព្រះមហាក្សត្រ នៅចិន និងវៀតណាម និងទស្សនកិច្ចផ្លូវការ និងការងារជាបន្តបន្ទាប់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅឥណ្ឌា អូស្ត្រាលី ចិន សឹង្ហបូរី វៀតណាម ជប៉ុន ឡាវ នេប៉ាល់ តួកគី និងស្ថាប័នអង្គការសហប្រជាជាតិនៅញូវយ៉ក និងហ្សឺណែវ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានរៀបចំទទួលបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ត និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីនៃបណ្តាប្រទេសទន្លេមេគង្គ ក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ និងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣។
ក្រៅពីនេះ កម្ពុជាក៏បានចូលរួមក្នុងវេទិកាជាន់ខ្ពស់កម្រិតតំបន់ អនុតំបន់ និងអន្តរជាតិជាច្រើនដូចជា កិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប កិច្ចប្រជុំកំពូល ACMECS, កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS), កិច្ចប្រជុំកំពូលស្តីពីតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម, កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន, កិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក, សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោក, កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាដើម។
ក្នុងកម្រិតរដ្ឋមន្ត្រីការបរទេស ខ្ញុំបាទផ្ទាល់បានបំពេញទស្សនកិច្ចផ្លូវការ និងការងារជាបន្តបន្ទាប់នៅមីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី សិង្ហបូរី ជប៉ុន ហុងគ្រី រូម៉ានី តួកគី វៀតណាម និងប៊ែលហ្សីក និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម, កម្ពុជា-ឡាវ,កម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-មីយ៉ាន់ម៉ា និងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។
ក្នុងយន្តការពហុភាគី កម្ពុជាបានជាប់ឆ្នោតជាអនុប្រធាននៃសម័យប្រជុំលើកទី៧៣របស់មហាសន្និបាតអ.ស.ប. ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម (ECOSOC) របស់អ.ស.ប. សម្រាប់អាណត្តិឆ្នាំ ២០១៩ និងបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នៅឆ្នាំ២០២០។
ការងារធំទី៣៖ អនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិនេះគឺជាការចាប់ផ្តើមផ្តោត សារៈសំខាន់ ក្នុងការរួមចំណែកជំរុញ និងលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ បន្ថែមពីលើការងារការទូតប្រពៃណីធម្មតា។
ការងារធំទី៤៖ គឺការចូលរួមឱ្យកាន់តែសកម្មថែមទៀតដល់បុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងការប្រឈមនានានៃពិភពលោក តួយ៉ាងប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង។ល។
ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. ចាប់តាំងពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងប្រមាណ ៦០០០នាក់ (ស្ត្រីចំនួន ២៩០នាក់) ឲ្យទៅបំពេញការងារនៅក្នុងប្រទេសចំនួន ៨។
កម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងការអនុម័តសេចក្តីសម្រេចរបស់សម័យប្រជុំមហាសន្និបាត អ.ស.ប. លើកទី ៧៣ ដែលមានសរុបចំនួន ២៨៤ ពាក់ព័ន្ធនឹងវិស័យសន្តិភាព សន្តិសុខ ការអភិវឌ្ឍ សិទ្ធិមនុស្ស និងបញ្ហាថវិកា។ល។
ការងារធំទី៥៖ ការបន្តការដ្ឋានកំណែទំរង់ស្ថាប័ននៅក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាពកំណែទម្រង់របស់ក្រសួង គឺមានទិសដៅធ្វើឲ្យប្រសើរឡើងនូវល័ក្ខខ័ណ្ឌ ប្រសិទ្ធភាពការងារ និងបង្កើតបរិយាកាសសមធម៌។ ក្នុងការងារកំណែទម្រង់នេះ យើងបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនូវវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងអគារបន្ថែមថ្មីសម្រាប់មន្ត្រីបំពេញការងារ, ធ្វើសមាហរណកម្មក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ (កសវព) ចូលក្នុងក្របខ័ណ្ឌក្រសួង, រៀបចំការធ្វើឌីជីថលូបនីយកម្មក្នុងទីស្តីការក្រសួង និងធ្វើឲ្យប្រសើរឡើងនូវការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួង, និងបានពង្រឹងសមត្ថភាព និងកសាងជួរមន្ត្រីការទូត ប្រកបដោយវិជ្ជាជីវៈ សីលធម៌ គុណធម៌ វិន័យ និងឆន្ទៈខ្ពស់៕