(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោការពារស្រ្តីក្រីក្រ នឹងកាន់តែបង្កើនតម្លៃស្រ្តី និងការការពារសិទ្ធិយ៉ាងពេញលេញដល់ស្រ្តីកម្ពុជាទាំងអស់។
ការថ្លែងដូចនេះរបស់ លោក កែវ រ៉េមី បានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ជាមួយជនជាប់ឃុំជាស្រ្តីរាប់រយនាក់ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ខណៈខួបទិវាសិទ្ធិនារីលើកទី១០៨ រៀងរាល់ថ្ងៃទី៨ ខែមីនា។ ពិធីសំណេះសំណាលនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី និងលោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្តរបស់សម្តេចតេជោសែន ផងដែរ។
លោក កែវ រ៉ែមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ចំពោះការពារសិទ្ធិជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តី។ ជាមួយគ្នានេះ កាលពីខែកុម្ភៈកន្លង សម្តេចតេជោបានប្រកាសបង្កើនក្រុមមេធាវីស័្មគ្រចិត្តការពារស្រ្តីក្រីក្រ ដែលនេះ គឺជានយោបាយមួយក្នុងការបង្កើនប្រសិទ្ធភាព និងការពារសិទ្ធិជូនស្រ្តីកាន់តែទូលំទូលាយ។
ជាមួយគ្នានេះដែរ មេសិទ្ធិមនុស្សកម្ពុជារូបនេះ បញ្ជាក់ថា ចំពោះស្រ្តីដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ គឺនឹងកាន់តែងាយស្រួលដល់ដំណើរការផ្សេងៗរបស់ស្រ្តីជាប់ឃុំ ដែលនឹងគ្របដណ្តប់ដល់ពួកគេគ្រប់កាលៈទេសៈ។
បន្ទាប់ពិធីសំណេះសំណាលប្រតិភូនៃស្ថាប័នពាក់ព័ន្ធបានពិនិត្យទៅតាមបន្ទប់ស្នាក់នៅ និងការបណ្តុះបណ្តាលដល់ជនជាប់ឃុំ ជាស្រ្តី អនីតិជន ក្នុងការធានាការអប់រំកែប្រែខ្លួនជាថ្មីក្នុងសង្គមបន្ទាប់ពីការអនុវត្តទោសនោះ៕