(អាឡឺម៉ង់)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ វិថីសូត្រលើកទី៩ របស់អង្គការទេសចរណ៍ពិភពលោក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ស្របជាមួយនឹងព្រឹត្តិការណ៍ពិព៍រណ៌ទេសចរណ៍អន្តរជាតិ ITB 2019 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ ១០ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងប៊ែឡាំង ប្រទេសអាឡឺម៉ង់។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ វិថីសូត្រលើកទី៩នេះ មានការចូលរួមពី លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវិថីសូត្រ រួមជាមួយតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ មកពី៣៤ប្រទេស ពីទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និងអាស៊ី ដើម្បីពិភាក្សាយុទ្ធសាស្ត្រទេសចរណ៍រួមគ្នា ក្នុងគោលបំណងរៀបចំវិថីសូត្រជាខ្សែទស្សនកិច្ចទេសចរណ៍វប្បធម៌ឥតមានរបាំងដ៏ល្បីល្បាញ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការប្រចាំការ ក៏បានជួបសម្តែងការគួរសមជាមួយ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដោយបានពាំនាំការផ្តាំផ្ញើសួរសុខទុកពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះលោកអគ្គលេខាធិការ។

លោក ទិត ចន្ថា ក៏បានជម្រាបជូនលោកអគ្គលេខាធិការផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានបំណង អញ្ជើញលោកអគ្គលេខាធិការ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខនេះ។

សូមកត់សម្គាល់ផងដែរថា ប្រតិភូក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក្នុងស្រុកចំនួន១១ក្រុមហ៊ុន ក៏បាន និងកំពុងចូលរួមផ្សព្វផ្សាយ និងទាក់ទាញទេសចរ នៅក្នុងព្រឹត្តិការណ៍ពិព៍រណ៌ទេសចរណ៍ អន្តរជាតិ ITB 2019 ចាប់ពីថ្ងៃទី៦ ដល់១០ ខែមីនា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍ពិព៍រណ៌ទេសចរណ៍អន្តរជាតិ ITB 2019 ជាវេទិកាផ្សព្វផ្សាយទេសចរណ៍សាកលដ៏ធំបំផុតរបស់អឺរ៉ុប ដែលមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសាធារណៈ និងផ្នែកឯកជន ក្នុងឧស្សាហកម្មទេសចរណ៍រហូតដល់ជាង១០ម៉ឺននាក់ ក្នុងនោះអ្នកទិញដ៏មានសក្តានុពលប្រមាណ១០០០ក្រុមហ៊ុន មកពីជាង១៨០ប្រទេស ដែលតាមការប៉ានស្មានអាចបង្កើតទំហំប្រាក់ចំណូលជាង៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ថ្ងៃនៃព្រឹត្តិការណ៍នេះ៕