(ភ្នំពេញ)៖​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ​កន្លងទៅក៏មានការអូសទាញកម្លាំងប្រដាបអាវុធមិនឲ្យស្តាប់រដ្ឋាភិបាល ប៉ុន្តែមិនអាចធ្វើទៅបាន ដោយសាតែកងទ័ពបានយល់ច្បាស់ និងជឿជាក់លើរាជរដ្ឋាភិបាល និងបានការពារដាច់ខាត រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងពិធី​ផ្សព្វផ្សាយបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៨ និងផែនការសកម្មភាពការងារឆ្នាំ២០១៩ នៃទីបញ្ជាការយោធភូមិភាគពិសេស​ ឧត្តមសេនីយ៍ផ្កាយបី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ដល់អង្គភាព​ត្រូវ​ពង្រឹការងារដឹកនាំបញ្ជា ធ្វើផែនការធានា ផែនការហ្វឹកហ្វឺន លើកកំពស់សមត្ថភាពកងទ័ព និងបង្កើតយន្តការការងារអោយមាននិរន្តរភាព និងប្រសិទ្ធភាព​ពង្រឹងគុណភាពយោធាចារ្យ។

កត្តាទាំងអស់នេះ ដើម្បីបណ្តុះបណ្តាល ពង្រឹងគុណភាពទ័ព រៀបចំការងារអប់រំចិត្តសាស្រ្ត ក្តាប់សតិអារម្មណ៍កងទ័ព យកចិត្តទុកដាក់ថែទាំយោធបករណ៍ ឲ្យបានល្អ បង្កើតកិច្ចសហប្រតិបត្តិការល្អរវាងភាគីមិត្ត រក្សាព្រំដែនសន្តិភាពចូលរួមក្នុងការរុករកអដ្ឋិធាតុ ជាមួយភាគគីមិត្ត ហើយត្រូវចូលរួម​ការងារមនុស្សធម៌ ការងារសង្គម ជួយដល់មូលដ្ឋាន។

ដោយឡែក ការងារសមាគមអតីតយុទ្ធជន ដែលកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រគល់ថវិកាជូនមូលនិធិ​សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាយោធាឆ្នាំ២០១៨កន្លងទៅ ក្នុងនោះត្រូវបានបែចែកទៅទូទាំង២៥រាជធានីខេត្ត ក្នុងមួយខេត្ត២០លានរៀល ប្រើប្រាស់លើការងារសាងសង់ផ្ទះ និងចូលបុណ្យសពអតីតយុទ្ធជនទាំងនេះ គឺសំដៅទៅលើការយកចិត្តទុកដាក់លើកិតិ្តយស និងជីវភាពរស់នៅ និងជាការដឹងគុណជូនដល់អតីតយុទ្ធជនដែលខិតខំលះបង់ពលីកម្មដើម្បីជាតិមានសុខសន្តិភាព។

ជាមួយគ្នានេះដែរ អគ្គមេបញ្ជាការរង និងជាមេបញ្ជាកងទ័ពជើងគោករូបនេះ ក៏កោតសរសើរចំពោះយោធភូមិភាពពិសេស ដែលបានបំពេញ ភារកិច្ចការពារសុខ សន្តិភាពជូនប្រជាជន ទប់ស្កាត់ការបង្កអសន្តិសុខ ទប់ស្កាត់បដិវត្តព័ណ៌ ដោយលោកបានបញ្ជាក់ថា យោធភូមិភាពពិសេសជាអង្គភាពដ៏សំខាន់មួយ ក្នុងកិច្ចការពារសុខសុវត្ថិភាព ជុំវិញរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ​នៅទីបញ្ជាការយោធភូមិភាគពិសេស កងទ័ពជើងគោក បានប្រារព្ធពិធីផ្សព្វផ្សាយបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៨ និងផែនការសកម្មភាពការងារឆ្នាំ២០១៩ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ​និងលោក ព្រហ្ម ឌិន រដ្ឋលេខាធិការ​ក្រសួងការពាជាតិ ព្រមទាំងបាននាំយកនូវអំណោយជាគ្រឿងឧបភោកបរិភោគ បរិក្ខាប្រើប្រាស់មួយចំនួន និងថវិកា១០លានរៀល ជូនអង្គភាពយោធភូមិភាគពិសេសផងដែរ៕